ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃពុធ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣បានជួបពិភាក្សា ការងារជាមួយនឹងលោក Justin Whyatt ឯកអគ្គរាជទូតអូស្ត្រាលី ប្រចាំ ព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ។
![](https://dap-news.com/wp-content/uploads/2023/11/IMG_4074-1024x683.jpg)
ក្នុងកិច្ចពិភាក្សាប្រកប ដោយភាពរីករាយ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណ ដល់រដ្ឋាភិបាលអូស្ត្រាលី ដែលបានបណ្តុះបណ្តាលសមត្ថភាព និងការគាំទ្រ ក្រុមប្រឹក្សាអាជ្ញាកណ្តាល ដែលជាស្ថាប័នមួយដើរតួនាទី យ៉ាងសំខាន់ក្នុង ទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា ។
![](https://dap-news.com/wp-content/uploads/2023/11/IMG_3986-1024x683.jpg)
ក្នុងនាមជារដ្ឋមន្ត្រី ក្រសួងការងារ លោក ហេង សួរ បានវាយតម្លៃខ្ពស់ ចំពោះរដ្ឋាភិបាលអូស្ត្រាលី បានផ្តល់ការគាំទ្រ លើការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស របស់កម្ពុជា ដែលជាផ្នែកដ៏សំខាន់ ក្នុងការជួយជ្រោមជ្រែង សង្គមកម្ពុជាឱ្យរីកចម្រើនមកដល់ពេលនេះ។
![](https://dap-news.com/wp-content/uploads/2023/11/IMG_4116-1024x683.jpg)
បន្ថែមពីនេះ លោករដ្ឋមន្ត្រី ក៏បានអរគុណ ដល់រាជរដ្ឋាភិបាលអូស្ត្រាលី ដែលបានផ្តល់កិច្ចសហប្រតិបត្តិការ ជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈអង្គការអន្តរជាតិខាងការងារ(ILO) ជាពិសេសគម្រោង នៃការហាមឃាត់ការប្រើប្រាស់ សារធាតុគ្រោះថ្នាក់អាបេស្តុសក្នុងវិស័យសំណង់ និងវិស័យផ្សេងៗទៀត។
![](https://dap-news.com/wp-content/uploads/2023/11/IMG_4087-2-1024x683.jpg)
ក្នុងកិច្ចពិភាក្សាត្រង់ទៅត្រង់មក លោកឯកអគ្គរាជទូត ក៏បានអរគុណ ដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានទទួលយកគម្រោង និងផ្តល់កិច្ចសហការយ៉ាងរលូនជាមួយរដ្ឋាភិបាលអូស្ត្រាលី ។ ឯកឧត្តមឯកអគ្គរាជទូត បានកោតសរសើរពីវឌ្ឍនភាពនៃវិស័យការងារ សន្តិសុខ និងបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈនៅកម្ពុជា។
![](https://dap-news.com/wp-content/uploads/2023/11/IMG_4121-683x1024.jpg)
មុននឹងបញ្ចប់លោកឯកអគ្គរាជទូត ក៏បានជម្រាបលោករដ្ឋមន្ត្រីថា លោកក្នុងនាមជាអ្នកតំណាងឱ្យរដ្ឋាភិបាលអូស្ត្រាលី នឹងខិតខំជំរុញឱ្យអ្នកវិនិយោគអូស្ត្រាលី បង្កើនការដាក់ទុននៅកម្ពុជា ដើម្បីបង្កើតឱកាសការងារ កាន់តែច្រើនបន្ថែមទៀត៕
![](https://dap-news.com/wp-content/uploads/2023/11/IMG_4126-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)