ព័ត៌មានជាតិ

លោកបណ្ឌិត គិន ភា អំពាវនាវឱ្យយុវជនងាកមកចាប់អារម្មណ៍លើជំនាញ បណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ 

 ភ្នំពេញ៖ អ្នកវិភាគសង្គមលោកបណ្ឌិត គិន ភា លើកឡើងថា យុវជនជំនាន់ថ្មីគួរតែងាកមកចាប់អារម្មណ៍លើការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលជាកម្មវិធីថ្នាក់ជាតិមួយធ្វើឱ្យយុវជនមានជំនាញ និង បំណិន ច្បាស់លាស់។

ការលើកឡេីង​របស់លោកបណ្ឌិត​ គិន​ ភា​ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈដល់យុវជនក្រីក្រ និងងាយរងគ្រោះ និងនិយាយដោយឡែកដល់ពលរដ្ឋទូទៅដែលចង់រៀនជំនាញបច្ចេក
ទេស ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នឹងប្រកាសបើកឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខ ។

សម្រាប់លោកបណ្ឌិតរូបនេះ ការមកទទួលយកវគ្គបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនេះគឺជាកម្មវិធីមួយសំខាន់ណាស់សម្រាប់យុវជន ពីព្រោះវាធ្វើឱ្យពួកគេមានចំណេះជំនាញ បំណិន និងអាជីពច្បាស់លាស់មួយ ដែលអាចឆ្លើយតបទៅតាមការវិវត្តន៍នៃទំនើបកម្មការងារនាពេលអនាគត ។

លោកថា៖ «បងប្អូនកូនក្មួយយុវជន គួរតែមកចាប់យកឱកាសមាសដែលរដ្ឋាភិបាលនឹងបើកជាផ្លូវការនូវការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនាពេលខាងមុខនេះ ដើម្បីឱ្យខ្លួនឯងមានជំនាញមួយពិតប្រាកដ ហើយអាចប្រកបរបរកស៊ី និងធ្វើការតាមជំនាញនៅតាមក្រុមហ៊ុនឯកជន » ។

លោកបណ្ឌិតពន្យល់ថា កម្មវិធីថ្នាក់ជាតិស្តីពីវគ្កបណ្តុះបណ្តាលបច្ចេកទេស និងជំនាញវិជ្ជាជីវៈគឺជាកម្មវិធីមួយល្អណាស់ស្របតាមការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា ។ ពីព្រោះតាមការសិក្សាកន្លងមកនៅកម្ពុជាមានការខ្វះខាតនូវកម្លាំងជំនាញច្រើន ។

លោកថា៖​«ដូច្នេះការបណ្តុះបណ្តាលបច្ចេកទេស និងជំនាញវិជ្ជាជីវៈគឺជារឿងសំខាន់ណាស់សម្រាប់យុវជនកម្ពុជា ។ ជាពិសេសនោះជាយុទ្ធសាស្រ្តមួយដែលអាចទាក់ទាញអ្នកវិនិយោគពីខាងក្រៅព្រទេស
ធំៗផងដែរ » ។

លោកអំពាវនាវឱ្យយុវជន ជាពិសេសប្អូនៗក្មួយៗដែលទើបប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទោះបីជាប់ ឬធ្លាក់ក្តី សូមងាកមកកម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ របស់រាជរដ្ឋាភិបាលកម្ពុជា
ដាក់ចេញនេះ ៕

To Top