ហ្គាហ្សា ៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ថា កាលពីថ្ងៃសុក្រ សហរដ្ឋអាមេរិក បានសម្តែង ការព្រួយបារម្ភ កាន់តែខ្លាំងឡើង អំពីការកើនឡើង ចំនួនអ្នកស្លាប់ជនជាតិ ប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សាស្ទ្រីប ដែលមន្ត្រីសុខាភិបាល បានបញ្ជាក់ថា ចំនួនអ្នកស្លាប់ នៅក្នុងការទម្លាក់គ្រាប់បែក របស់អ៊ីស្រាអ៊ែល ក្នុងរយៈពេល៥សប្តាហ៍បានកើន ឡើងដល់១១.០០០នាក់ ។
ការប្រយុទ្ធគ្នារវាង កងកម្លាំងអ៊ីស្រាអ៊ែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស់ បានកើនឡើងនៅជិត និងជុំវិញមន្ទីរពេទ្យដែលឡោមព័ទ្ធ និងមានមនុស្សកកកុញ ក្នុងទីក្រុងហ្គាហ្សា ដែលមន្ត្រីប៉ាឡេស្ទីន បានលើកឡើងថា ត្រូវបានវាយប្រហារដោយការបំផ្ទុះ និងការបាញ់ដោយកាំភ្លើង ។
នៅក្នុងការអត្ថាធិប្បាយដ៏ខ្លាំងបំផុត របស់គាត់រហូតមកដល់បច្ចុប្បន្នស្តីពីស្ថានភាព នៃជនស៊ីវិលដែលជាប់នៅហ្គាហ្សា ការបាញ់ប្រហារនៅហ្គាហ្សា រដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិកលោក Antony Blinken បានប្រាប់ដល់អ្នកយកព័ត៌មាន ក្នុងដំណើរទស្សនកិច្ចទៅកាន់ ប្រទេសឥណ្ឌាថា “ពលរដ្ឋប៉ាឡេស្ទីនជាច្រើននាក់ ត្រូវបានសម្លាប់ ហើយមានមនុស្សជាច្រើនបានរងទុក្ខ កាលពីប៉ុន្មានសប្តាហ៍មុននេះ” ។
លោក Blinken បានស្វាគមន៍ ចំពោះការផ្អាកមនុស្សធម៌ រយៈពេល៤ម៉ោងរបស់អ៊ីស្រាអ៊ែល ដែលសេតវិមានបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ប៉ុន្តែបានប្រាប់ដល់អ្នកយកព័ត៌មានថា ត្រូវការវិធានការបន្ថែមទៀត ដើម្បីការពារជនស៊ីវិលនៅតំបន់ហ្គាហ្សា ។
អ៊ីស្រាអ៊ែល បានប្រឈមមុខនឹងការអំពាវនាវ កាន់តែខ្លាំងឡើងសម្រាប់ការអត់ធ្មត់ ក្នុងសង្គ្រាមរយៈពេលជាង១ខែរបស់ខ្លួនជាមួយក្រុមហាម៉ាស់ ប៉ុន្តែបានលើកឡើងថា ក្រុមសកម្មប្រយុទ្ធដែលបានវាយ ប្រហារមកលើអ៊ីស្រាអ៊ែល កាលពីថ្ងៃទី៧ ខែតុលា និងចាប់ជាចំណាប់ខ្មាំង នឹងទាញយកបទឈប់បាញ់ ដើម្បីប្រមូលផ្តុំគ្នាឡើងវិញ ។
លោក Mohammad Abu Selmeyah នាយកមន្ទីរពេទ្យ Al Shifa បានបញ្ជាក់ថា “ឥឡូវនេះអ៊ីស្រាអ៊ែល កំពុងចាប់ផ្តើមសង្គ្រាម មកលើមន្ទីរពេទ្យនៅក្រុងហ្គាហ្សា” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
