ស្វាយរៀង ៖ នៅក្នុងទិវាជាតិ បង្ការ និងពន្លត់អគ្គិភ័យ នៅព្រឹកថ្ងៃទី៣ខែមីនាឆ្នាំ២០២០ លោកសុខ រស់អភិបាលរងខេត្តស្វាយរៀង បានថ្លែងអំពាវនាវ ដល់អាជ្ញាធរពាក់ព័ន្ធ ត្រូវត្រៀមលក្ខណៈគ្រប់ពេល ក្នុងការអន្តរាគមន៍ទៅលើគ្រោះអគ្គិភ័យ ដែលអាចកើតមានឡើង ជាយថាហេតុនារដូវក្តៅនេះ ។
លោកសុខ រស់ បានថ្លែងនូវការកោតសរសើរ ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត អាជ្ញាធរក្រុង ស្រុក និងអង្គភាពពាក់ព័ន្ធទាំងអស់ ដែលនាពេលកន្លងមក បានខិតខំចូលរួមសហការ អនុវត្តនូវវិធានការបង្ការ និងអន្តរាគមន៍សង្គ្រោះ ករណីអគ្គិភ័យនៅក្នុងខេត្ត ឲ្យទទួលបានលទ្ធផលល្អប្រសើរ។
លោកថាគ្រប់គ្រឹះស្ថានទាំងរដ្ឋ និងឯកជន អាជីវករ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការសហការ ចូលរួមជាមួយអាជ្ញាធរ និងសមត្ថកិច្ចជំនាញ នៅក្នុងការអនុវត្តវិធានការបង្ការ ទប់ស្កាត់ ធ្វើយ៉ាងណា កុំឲ្យមានករណីគ្រោះអគ្គិភ័យកើតឡើង ហើយជាពិសេស នារដូវក្ដៅនេះ ត្រូវបង្កើនការប្រុងប្រយ័ត្នគ្រប់ពេល ចំពោះរាល់ដើមហេតុទាំងឡាយ ដែលអាចបង្កឲ្យកើតមានគ្រោះអគ្គិភ័យ ដូចជាភ្លើងចង្រ្កាន ភ្លើងចង្កៀង ភ្លើងទៀនធូប ភ្លើងដុតសំរាម ភ្លើងកម្ទេចបារី ចរន្តអគ្គិសនី ផ្ទាំងសូឡា ហ្គាស ឧស័្មន និងរាល់វត្ថុផ្សេងៗទៀត ដែលងាយឆេះ និងងាយផ្ទុះឆេះ ជាដើម ៕


