ព័ត៌មានអន្តរជាតិ

WHO បាត់បង់ទំនាក់ទំនង ជាមួយនឹងមន្ទីរពេទ្យធំបំផុត នៅហ្គាហ្សា

Xinhua

បរទេស៖ អង្គការសុខភាពពិភពលោកហៅកាត់ថា WHO កាលពីថ្ងៃអាទិត្យបានរាយការណ៍ថា បានបាត់ទំនាក់ទំនងជាមួយនឹង មន្ទីរពេទ្យដ៏ធំបំផុតមួយកន្លែងនៅក្នុងតំបន់ហ្គាហ្សា ក្រោយការវាយប្រហារជាបន្តបន្ទាប់ របស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាស។

យោងតាមការចេញផ្សាយរបស់ RT មន្ទីរពេទ្យដែលមានឈ្មោះថា Al Shifa ត្រូវបានកងកម្លាំងយោធាអ៊ីស្រាអែល បានចាត់ចូលជាគោលដៅអទិភាព សម្រាប់ការវាយប្រហារដោយជឿជាក់ថា វាត្រូវបានប្រើប្រាស់ជាទីតាំងសំខាន់របស់ ក្រុមហាម៉ាសក្នុងការបញ្ជាសកម្មភាព របស់ក្រុមប្រយុទ្ធរបស់ខ្លួន។

យោងតាមសេចក្តីថ្លែងការណ៍របស់ WHO បុគ្គលិកជាច្រើនអាច នឹងចូលរួមជាមួយជនភៀសខ្លួនរាប់ម៉ឺននាក់ ដែលបានស្វែងរកជម្រកនៅមន្ទីរពេទ្យ ហើយកំពុងភៀសខ្លួនចេញពីតំបន់នោះ។

អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus បាននិយាយថា៖ មានរបាយការណ៍មួយចំនួនអះអាងថា អ្នកដែលរត់ចេញពីមន្ទីរពេទ្យត្រូវបានបាញ់សម្លាប់ របួស ឬស្លាប់ផង។ លោក​បាន​បន្ថែម​ថា យោង​តាម​របាយការណ៍​ចុង​ក្រោយ​នេះ មន្ទីរពេទ្យ​ត្រូវ​បាន​ហ៊ុមព័ទ្ធ​ដោយ​រថក្រោះ របស់កងកម្លាំងអ៊ីស្រាអែល ៕

ប្រែសម្រួល៖ ស៊ុន លី

To Top