ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល ​ប្តេជ្ញា​ស្តារ​ភាពស្ងប់ស្ងាត់​ឡើងវិញ ​ចំពេល​មាន​ការកើនឡើង នូវភាពតានតឹង ​ជាមួយ​​លីបង់

ប្រភព ៖ AFP

យេរ៉ូសាឡឹម៖ អ្នកនាំពាក្យកងកម្លាំង ការពារអ៊ីស្រាអែល (IDF) លោក Daniel Hagari បាន​ឲ្យដឹងថា អ៊ីស្រាអែលមាន “ផែនការប្រតិបត្តិការ” ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមប្រដាប់អាវុធ នៅក្នុងប្រទេសលីបង់ ដើម្បីស្តារភាពស្ងប់ស្ងាត់ ចំពេលមានការកើនឡើង នូវភាពតានតឹង នៅតាមព្រំដែនអ៊ីស្រាអែល-លីបង់ ។

កាលពីព្រឹកថ្ងៃអាទិត្យ កាំជ្រួចមីស៊ីល និងគ្រាប់រ៉ុក្កែតប្រឆាំងរថក្រោះ ត្រូវបានបាញ់ចេញពីប្រទេស លីបង់ឆ្ពោះទៅកាន់តំបន់ Krayot ភាគខាងជើងនៃទីក្រុងហៃហ្វា និងសហគមន៍មួយនៅជិតព្រំដែន ។

យោងតាមសេវាជួយសង្គ្រោះ Magen David Adom របស់អ៊ីស្រាអែល ជនស៊ីវិល និងទាហានសរុបចំនួន ១៨ នាក់បានរងរបួស ក្នុងនោះម្នាក់រងរបួសធ្ងន់ធ្ងរ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

យោធាអ៊ីស្រាអែលបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះចម្បាំងបានធ្វើការវាយប្រហារ តាមអាកាសនៅភាគខាងត្បូងប្រទេសលីបង់ ហើយកាំភ្លើងធំត្រូវបានបាញ់ឆ្ពោះទៅកាន់តំបន់ ដែលគ្រាប់រ៉ុក្កែតត្រូវបានបាញ់បង្ហោះ ។

លោក Hagari បានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃថា “យើងមានផែនការប្រតិបត្តិការ ដើម្បីផ្លាស់ប្តូរស្ថានភាពសន្តិសុខនៅភាគខាងជើង គ្មាន​ផ្លូវ​ទេ​ដែល​អ្នក​ស្រុក​នៅ​ភាគ​ខាង​ជើង ​នឹង​មិន​អាច​ត្រឡប់​ទៅ​ផ្ទះ​វិញ​នោះ​ទេ”។

លោកបានព្រមានថា “ប្រជាពលរដ្ឋលីបង់នឹងបង់ថ្លៃ” សម្រាប់ការវាយប្រហារដោយគ្រាប់រ៉ុក្កែត ដែលត្រូវបានធ្វើឡើងពីប្រទេសលីបង់ ដោយក្រុមហេសបូឡាហ៍ និងក្រុមហាម៉ាស។ ប្រភពពីយោធាលីបង់បានប្រាប់ Xinhua ថា យុទ្ធជនហេសបូឡា ម្នាក់ត្រូវបានសម្លាប់ និងជនស៊ីវិល៤ នាក់បានរងរបួសនៅក្នុងភូមិ Yarine ព្រំដែនភាគខាងត្បូងរបស់ប្រទេស ក្នុងការប្រយុទ្ធជាមួយកងកម្លាំងអ៊ីស្រាអែល កាលពីថ្ងៃអាទិត្យ។

ប្រភពបានឲ្យដឹង ក្នងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា កាំភ្លើងធំធុនធ្ងន់របស់អ៊ីស្រាអែលបានទម្លាក់គ្រាប់បែកលើទីប្រជុំជនចំនួន ៧ នៅភាគនិរតីលីបង់ និង ១៧ នៅភាគអាគ្នេយ៍ ដោយបានបំផ្លាញផ្ទះជាង ៣០ ហើយយន្តហោះចម្បាំង និងយន្តហោះគ្មានមនុស្សបើកបានវាយឆ្មក់ជាយក្រុងចំនួន ១៨ ភាគខាងត្បូង៕
ប្រែសម្រួល ឈូក បូរ៉ា

To Top