ហ្គាហ្សា៖ មន្ត្រីចលនាតស៊ូអ៊ីស្លាម (ហាម៉ាស) ពីរនាក់បានបដិសេធកាលពីថ្ងៃអាទិត្យ ចំពោះការផ្អាកការចរចាជាមួយអ៊ីស្រាអែល ទាក់ទងនឹងការដោះលែងចំណាប់ខ្មាំង និងអ្នកទោស នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ប្រភពពីក្រុមហាម៉ាស ដែលថ្លែងទៅកាន់ស៊ីនហួក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានឲ្យដឹងថា “ខ្ញុំមិនបានឮអំពីបញ្ហានេះទេ” ដោយសំដៅលើរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ ដែលថាក្រុមបក្សពួកកំពុងផ្អាកការចរចា ដោយសារតែអ៊ីស្រាអែលកំណត់ គោលដៅទៅលើមន្ទីរពេទ្យហ្គាហ្សា។
ដោយឡែកលោក Zaher Jabarin មន្ត្រីក្រុមហាម៉ាស ដែលមើលការខុសត្រូវលើកិច្ចការអ្នកទោសបានប្រាប់ស៊ីនហួថា ចលនានេះ គឺបើកចំហ ដើម្បីបញ្ចប់កិច្ចព្រមព្រៀងមួយទាក់ទងនឹងចំណាប់ខ្មាំងនៅតំបន់ហ្គាហ្សា ប្រសិនបើសន្តិសុខ និងលក្ខខណ្ឌសមស្របអាចរកបានសម្រាប់វានោះ។
របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយនៅមុនថ្ងៃបានឲ្យដឹងថា ក្រុមហាម៉ាស់កំពុងផ្អាកការចរចាចំណាប់ខ្មាំងដោយសារតែការដោះស្រាយរបស់អ៊ីស្រាអែល ចំពោះមន្ទីរពេទ្យ Al Shifa នៅតំបន់ហ្គាហ្សាស្ទ្រីប។
ក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ ទាហានអ៊ីស្រាអែល បានបិទទ្វារក្នុងមន្ទីរពេទ្យក្រោមគម្របនៃការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងក្លា បើទោះបីជានៅតែមានអ្នកជំងឺ និងទារកទើបនឹងកើត ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យក៏ដោយ។ អ៊ីស្រាអែលបានឲ្យដឹងថា ក្រុមហាម៉ាស់កំពុងប្រើមន្ទីរពេទ្យជាគម្រប សម្រាប់ប្រតិបត្តិការយោធារបស់ខ្លួន ការចោទប្រកាន់ក្រុមហាម៉ាស់បានបដិសេធ៕ ប្រែសម្រួល ឈូក បូរ៉ា