ភ្នំពេញ៖ ដោយបានដឹងថា កម្ពុជាមានឆន្ទៈក្នុងការទទួលរៀបចំ ព្រឹត្តិការណ៍សំខាន់មួយរបស់អង្គការហ្វ្រង់កូហ្វូនី លោក Emmanuel MACRON ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង បានលើកទឹកចិត្តឲ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅឆ្នាំ២០២៦ ហើយបានសន្យាថា បារាំងនឹងគាំទ្របេក្ខភាពកម្ពុជា ខណៈកម្ពុជានឹងដាក់បេក្ខភាព រៀបចំកិច្ចប្រជុំនេះ។
ការលើកទឹកចិត្តរបស់ប្រធានាធិបតីបារាំង ធ្វើឡើងក្នុងឱកាសជួបព្រះរាជសវនការជាមួយព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅវិមាន Élysée កាលពីថ្ងៃ១៣ វិច្ឆិកា ក្នុងឱកាសព្រះមហាក្សត្រកម្ពុជាបំពេញព្រះរាជទស្សនកិច្ចផ្លូវការនៅបារាំងពីថ្ងៃ១២-១៨ វិច្ឆិកា។
តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសខ្មែរបញ្ជាក់ថា «ដោយបានដឹងថាកម្ពុជាមានឆន្ទៈក្នុងការទទួលរៀបចំព្រឹត្តិការណ៍សំខាន់មួយរបស់អង្គការហ្វ្រង់កូហ្វូនី ប្រធានាធិបតីបារាំង បានលើកទឹកចិត្តឱ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅឆ្នាំ២០២៦ ហើយបានសន្យាថាបារាំងនឹងគាំទ្របេក្ខភាពកម្ពុជា» ។
ព្រះមហាក្សត្រមានព្រះបន្ទូលថា «កម្ពុជាពិតជាមានមោទកភាពនឹងដាក់បេក្ខភាពរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នៅឆ្នាំ២០២៦» ។
ព្រះអង្គទ្រង់មានព្រះរាជតម្រិះថា ការគាំទ្ររបស់បារាំងមានតម្លៃយ៉ាងខ្លាំង ពីព្រោះកិច្ចគាំទ្រនេះ នឹងឆ្លុះបញ្ចាំងពីឆន្ទៈក្នុងការពង្រឹងវត្តមានដ៏មានសារៈសំខាន់របស់បារាំងនៅអាស៊ី ។
សម្រាប់ លោក Emmanuel MACRON បានយាងព្រះករុណា ព្រះមហាក្សត្រ ចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី១៩ នៅទីក្រុងបារីស នាថ្ងៃទី ៤-៥ ខែតុលា ឆ្នាំ២០២៤ ខណៈព្រអង្គទ្រង់ក៏បានអញ្ជើញ ប្រធានាធិបតីបារាំង និងលោកស្រី ចូលរួមកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ នៅឆ្នាំ២០២៦ នៅកម្ពុជាដែរ។ ជាការឆ្លើយតបលោកប្រធានាធិបតី បានបញ្ជាក់នូវសេចក្តីរីករាយក្នុងការចូលរួម ៕