ព័ត៌មានជាតិ

ម៉ារ៉ុក-បារាំង អញ្ជើញកម្ពុជា ចូលរួមចែករំលែក បទពិសោធន៍ ក្នុងការថែរក្សាសន្តិភាព

ភ្នំពេញ ៖ រដ្ឋមន្ត្រីការបរទេសម៉ារ៉ុក និងបារាំង បានសរសេរលិខិត អញ្ជើញលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ទៅចូលរួមសន្និសីទ ស្តីពីការថែរក្សាសន្តិភាព ក្នុងតំបន់ ដែលនិយាយភាសាបារាំង ជាពិសេស ចូលរួមចែករំលែក បទពិសោធន៍ ពីអ្វីដែលកម្ពុជា បានធ្វើ ក្នុងការចូលរួមថែរក្សា សន្តិភាព នៅតំបន់និយាយ ភាសាបារាំង ក៏ដូចជាលើពិភពលោកទាំងមូល ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយជំនួបរវាងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោក Abdelilah EL HOUSNI ឯកអគ្គរដ្ឋទូតម៉ារ៉ុក ប្រចាំកម្ពុជា នាព្រឹកថ្ងៃទី៣ មីនានេះ លោក ណី សំអុល អគ្គនាយក នៃអគ្គនាយកដ្ឋានអឺរ៉ុប អាមេរិក និងអាហ្វ្រិក-មជ្ឈឹមបូព៌ា បានមានប្រសាសន៍ថា «គោលបំណងចម្បង នៅក្នុងជំនួបនេះ គឺ ឯកអគ្គរដ្ឋទូតគាត់មក ដើម្បីប្រគល់ សារលិខិតអញ្ជើញ របស់រដ្ឋមន្ត្រីការបរទេសម៉ារ៉ុក ដែលចុះហត្ថលេខារួមគ្នា ជាមួយរដ្ឋមន្ត្រីការ បរទេសបារាំង សូមអញ្ជើញឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ទៅចូលរួមសន្និសីទ ការថែរក្សាសន្តិភាព ក្នុងតំបន់នៃប្រទេស ដែលនិយាយភាសាបារាំង» ។

លោកបន្តថា ការចូលរួម របស់លោកឧបនាយករដ្ឋមន្ត្រី គឺមានសារៈសំខាន់ណាស់ ដោយមូលហេតុថា កម្ពុជាចូលរួមចំណែកយ៉ាងសំខាន់ និងច្រើន នៅក្នុងបេសកកម្មថែរក្សា សន្តិភាពនៅក្នុងពិភពលោក ជាពិសេសកម្លាំងរបស់កម្ពុជា ដែលបញ្ជូនទៅប្រទេសទាំង៩ គឺភាគច្រើនទៅបណ្តាប្រទេស នៅអាហ្វ្រិកតែម្តង ។

លោកបន្ថែមថា «អីចឹងហើយ គឺជាវេទិកាមួយដែលម៉ារ៉ុក ក៏ដូចជាបារាំង គឺគេចង់មែនទែន គឺចង់ឲ្យឯកឧត្ដមឧបនាយ ករដ្ឋមន្ត្រី អញ្ជើញចូលរួម ដើម្បីចែករំលែកបទពិសោធន៍ ពីអ្វីដែលកម្ពុជាបានធ្វើ ចូលរួមថែរក្សាសន្តិភាពនៅក្នុងតំបន់ ដែលនិយាយភាសាបារាំង ក៏ដូចជានៅលើពិភពលោកទាំងមូល ក្នុងឱកាសនោះដែរឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏នឹងជួបជាមួយរដ្ឋមន្ត្រី ការបរទេសម៉ារ៉ុកដែរ ដើម្បីជជែកពិភាក្សាលើបញ្ហាទ្វេភាគី បញ្ហាតំបន់ ក៏ដូចជាបញ្ហាអន្តរជាតិផ្សេងៗ» ។

ក្នុងជំនួបនោះដែរ លោកឯកអគ្គរដ្ឋទូតម៉ារ៉ុកលើកឡើងថា ម៉ារ៉ុកកោតសរសើរចំពោះ គោលនយោបាយរបស់កម្ពុជា ដែលធ្វើឲ្យមានសុខដុមរមណីយកម្មរវាងសាសនា ពីព្រោះម៉ារ៉ុកជាប្រទេសកាន់សាសនាឥស្លាម ៩០% ។

លោកថា ម៉ូឌែលដែលកម្ពុជាធ្លាប់ធ្វើ គួរតែត្រូវបានយកទៅធ្វើបទបង្ហាញ នៅក្នុងសន្និសីទ ដែលនឹងប្រព្រឹត្តទៅនៅខែមេសា ឆ្នាំ២០២០ ខាងមុខនេះ ។
ជាការឆ្លើយតបឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអំណរគុណចំពោះ លិខិតអញ្ជើញ និងរីករាយ ដើម្បីចូលរួមក្នុងកម្មវិធីនេះ ក៏ប៉ុន្តែត្រូវរង់ចាំការសម្រេចចុងក្រោយ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាសិន ៕

ដោយ៖ ខា ដា

To Top