ភ្នំពេញ៖ កម្ពុជា និងអារ៉ាប៊ីសាអូឌីត តាមរយៈក្រសួងមហាផ្ទៃ នៃប្រទេសទាំងពីរ នឹងឈានទៅពិភាក្សាលើសេចក្ដីព្រាង នៃអនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់។ នេះបើតាមខ្លឹមសារជំនួប រវាង លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក Mohammed Ismaeil A. Dahlwy ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត ដែលមាននិវេសនដ្ឋាន នៅទីក្រុងហាណូយ ប្រទេសវៀតណាម នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួង។
នាឱកាសនោះ លោក ឯកអគ្គរាជទូត អារ៉ាប៊ីសាអូឌីត បានជម្រាបអំពីដំណើរការ នៃការធ្វើសេចក្តីព្រាងអនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ ដែលពេលនេះកំពុងស្ថិតនៅក្នុងដំណើរការនៃការកែសម្រួល និងរំពឹងថាសម្រេចបាននាពេលឆាប់ៗ។ ជាមួយគ្នានោះ លោក ក៏បានជម្រាប លោក ឧបនាយករដ្ឋមន្ដ្រី អំពីសំណើឱ្យមានមន្រ្តីទំនាក់ទំនង ដើម្បីផ្លាស់ប្តូរព័ត៌មាន និងសម្របសម្រួលកិច្ចសហប្រតិបត្តិការ រវាងភាគីទាំងពីរពាក់ព័ន្ធនឹងពលរដ្ឋកម្ពុជា និងពលរដ្ឋអារ៉ាប៊ីសាអូឌីត។
ជាការឆ្លើយតប លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បានស្វាគមន៍ និងចាត់ទុកវត្តមានរបស់ លោកឯកអគ្គរាជទូត នាពេលនេះថា ជាការបង្ហាញឱ្យឃើញអំពីការ យកចិត្តទុកដាក់របស់ លោក ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ រវាងអារ៉ាប៊ីសាអូឌីត និងព្រះរាជាណាចក្រកម្ពុជា ជាពិសេសជាមួយក្រសួងមហាផ្ទៃដោយផ្ទាល់។
លោកឧបនាយករដ្ឋមន្ដ្រី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូត ក្នុងរយៈពេលជាង ១០ឆ្នាំកន្លងមក ហើយមានសេចក្ដីសង្ឃឹមជឿជាក់ថា តាមរយៈបេសកកម្មរបស់ លោកឯកអគ្គរាជទូត កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នឹងត្រូវបានបន្តពង្រឹងពង្រីកឥតឈប់ឈរ ទាំងក្នុងពេលបច្ចុប្បន្ន និងតទៅអនាគត៕