ព័ត៌មានអន្តរជាតិ

ក្រុមហាម៉ាស បដិសេធការចោទប្រកាន់ថា បានប្រើប្រាស់មន្ទីរ ពេទ្យនៅហ្គាហ្សា សម្រាប់គោលបំណងយោធា

xinhua

ហ្គាហ្សា៖ ក្រុមហាម៉ាស ​បានបដិសេធការប្រើប្រាស់មន្ទីរពេទ្យនៅតំបន់ហ្គាហ្សាស្ទ្រីប សម្រាប់គោលបំណងយោធា ដោយបានច្រានចោលការចោទប្រកាន់របស់អ៊ីស្រាអែលថា ជា “ការកុហក” នេះបើយោងតាមការិយាល័យប្រព័ន្ធផ្សព្វផ្សាយនៃក្រុមប៉ាឡេស្ទីនគ្រប់គ្រងតំបន់ហ្គាហ្សា។

អ្វី​ដែល​កងទ័ព​អ៊ីស្រាអែល​បង្ហាញ​ទាក់ទង​នឹង​មន្ទីរពេទ្យ​កុមារ Al-Rantisi ក្នុង​ទីក្រុងហ្គាហ្សា គឺ “វីដេអូ​ដែល​បាន​ធ្វើ​ឡើង​ក្នុង​លក្ខណៈ​ផ្ទុយ​គ្នា គ្មាន​វិជ្ជាជីវៈ និង​មិន​សមហេតុផល” ហើយ​រួម​បញ្ចូល​ទាំង “ឈុតឆាក​ផ្សំ និង​ប្រឌិត ​ដែល​បំភាន់​មតិសាធារណៈ”។

ខ្លួនបានចោទប្រកាន់កងទ័ពអ៊ីស្រាអែលថា “និយាយកុហក និងអនុវត្តព័ត៌មានមិនពិត និងការញុះញង់ក្នុងការរៀបចំបំផ្លាញមន្ទីរពេទ្យ​ លើក្បាលអ្នកជំងឺ បុគ្គលិកពេទ្យ និងអ្នកផ្លាស់ទីលំនៅ” ។

ទន្ទឹមនឹងនេះ ក្រសួងសុខាភិបាល ដែលគ្រប់គ្រងដោយក្រុមហាម៉ាស នៅហ្គាហ្សាបានឲ្យដឹងថា អ្វីដែលកងទ័ពអ៊ីស្រាអែល បង្ហាញ និងហៅថាឃ្លាំងអាវុធ ដែលមានទីតាំងនៅខាងក្រោមមន្ទីរពេទ្យ គឺជា “ការបង្រ្កាបដ៏ក្រៀមក្រំ” ដោយបដិសេធការជាប់ពាក់ព័ន្ធណាមួយជាមួយអាវុធ និងរបស់របរដែលអ៊ីស្រាអែល បានអះអាងថា ជាចំណាប់ខ្មាំង។

កាលពីថ្ងៃចន្ទ អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែល លោក Daniel Hajari បានអះអាងថា មានភស្តុតាងដែលបង្ហាញពីវត្តមានអ្នកទោសអ៊ីស្រាអែល នៅខាងក្នុងមន្ទីរពេទ្យ និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ដែលប្រើប្រាស់មន្ទីរពេទ្យជាកន្លែងលាក់ខ្លួន បន្ទាប់ពីការវាយប្រហារកាលពីថ្ងៃទី០៧ ខែតុលា លើអ៊ីស្រាអែល។

អ៊ីស្រាអែលបានឡោមព័ទ្ធមន្ទីរពេទ្យមួយចំនួនក្នុងទីក្រុងហ្គាហ្សា ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដោយសង្ស័យថា កន្លែងក្រោមដីរបស់ពួកគេត្រូវបានប្រើប្រាស់ជាមូលដ្ឋានយោធា និងបញ្ជាការរបស់ក្រុមហាម៉ាស៕
ប្រែសម្រួល ឈូក បូរ៉ា

To Top