ភ្នំពេញ៖លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃព្រសហ្បតិ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានស្នើឱ្យព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ពង្រីកវិសាលភាពទីផ្សារការងារជាមួយកម្ពុជា។ នេះ គឺជាការលើកឡើងរបស់លោករដ្ឋមន្ត្រីក្នុងជំនួបផ្លូវការជាមួយលោកMohammed Ismaeil A. Dahlwy ឯកអគ្គរាជទូតអារាប៊ីសាអូឌីតនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ក្នុងជំនួបប្រកបដោយភាពរីករាយ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការពង្រីកទីផ្សារការងារពីវិស័យអតិពលកម្មទៅវិស័យដែលប្រើប្រាស់កម្លាំងជំនាញ នឹងមានភាពទាក់ទាញសម្រាប់ពលរដ្ឋកម្ពុជា។
ជាការឆ្លើយតប ឯកអគ្គរាជទូតអារាប៊ីសាអូឌីត បានទទួលយកសំណើររបស់លោករដ្ឋមន្ត្រី ហើយនឹងបញ្ជូនសំណើរនេះទៅកាន់រដ្ឋាភិបាលរបស់ខ្លួនដើម្បីពិចារណា និងសម្រេច។
សូមបញ្ជាក់ថា ក្រៅពីបញ្ហាសំខាន់ខាងលើ ភាគីទាំងពីរ ក៏បានពិភាក្សាពីទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែស្អិតរមួត និងរីកចម្រើនធំធាត់បន្តទៀត បន្ទាប់ពីព្រះរាជាណាចក្រទាំងពីរ បានចុះអនុស្សរណៈយោគយល់គ្នាលើការបញ្ជូនពលករបម្រើការងារតាមផ្ទះកាលពីឆ្នាំ២០១៦។
ក្នុងជំនួបពិភាក្សាប្រកបដោយភាពរីករាយ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលអារាប៊ីសាអូឌីត ដែលបានមើលថែរក្សាពលរដ្ឋកម្ពុជាដែលកំពុងបម្រើការងារនៅលេីទឹកដីអារ៉ាប៊ីសាអូឌីត។
យ៉ាងណាក៏ដោយមុននឹងបញ្ចប់ភាគីទាំងពីរ បានប្តេជ្ញាជំរុញទំនាក់ទំនងប្រទេសទាំងពីរលើវិស័យការងារឱ្យកាន់តែស្អិតរមួតបន្ថែមទៀតតាមរយៈទំនាក់ទំនងរវាងប្រជាជននិងប្រជាជន៕