ញូវយ៉ក៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអំពាវនាវឱ្យមានការជំរុញផ្នែកមនុស្សធម៌ និងការការពារជនស៊ីវិលនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ដែលហែកហួរដោយសង្រ្គាម នៅក្នុងដំណោះស្រាយលើកដំបូងរបស់ខ្លួន ដែលបានអនុម័តចាប់តាំងពីការវាយប្រហារ កាលពីខែមុនមកលើអ៊ីស្រាអែល ដោយពួកសកម្មប្រយុទ្ធហាម៉ាស។
ក្រុមប្រឹក្សាសំខាន់នៃស្ថាប័នពិភពលោក បានអនុម័តដំណោះស្រាយ ដោយមានការគាំទ្រពីភាគច្រើននៃសមាជិកចំនួន ១៥ របស់ខ្លួន បន្ទាប់ពីចលនាស្រដៀងគ្នាចំនួន៤ បានបរាជ័យដោយសារតែការ បំបែកគ្នារវាងសហរដ្ឋអាមេរិក និងរុស្ស៊ី និងចិន ដែលសុទ្ធតែមានសិទ្ធិវេតូជាសមាជិកអចិន្ត្រៃយ៍។
ក្រុមប្រឹក្សានេះ “អំពាវនាវឱ្យមានការជំរុញ និងបង្កើតច្រករបៀងមនុស្សធម៌ជាបន្ទាន់ និងពង្រីកនៅទូទាំងតំបន់ហ្គាហ្សាស្ទ្រីប” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។
ដំណោះស្រាយដែលឧបត្ថម្ភដោយប្រទេសម៉ាល់តា បានអំពាវនាវឱ្យមាន “ការដោះលែងជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌនៃចំណាប់ខ្មាំងទាំងអស់ ដែលត្រូវបានកាន់កាប់ដោយក្រុមហាម៉ាស និងក្រុមផ្សេងទៀត ជាពិសេសកុមារ”។
អ៊ីស្រាអែល បានឲ្យដឹងថា ការវាយប្រហារដោយក្រុមហាម៉ាស់ កាលពីថ្ងៃទី៧ ខែតុលា បានសម្លាប់មនុស្ស ១២០០នាក់ ខណៈដែលការទម្លាក់គ្រាប់បែក របស់អ៊ីស្រាអែលបានធ្វើឱ្យមនុស្សជាង ១១០០០នាក់ស្លាប់ក្នុងនោះមានកុមារជាង ៤០០០នាក់ នេះបើយោងតាមអាជ្ញាធរសុខាភិបាលហ្គាហ្សា។
ដំណោះស្រាយនេះក៏បានឲ្យដឹងថា ក្រុមប្រឹក្សាបដិសេធ “ការផ្លាស់ទីលំនៅដោយបង្ខំនៃប្រជាជនស៊ីវិល រួមទាំងកុមារ” ហើយបានសម្តែងនូវ “ការព្រួយបារម្ភយ៉ាងខ្លាំងថា ការរំខានដល់ការទទួលបានការអប់រំ មានផលប៉ះពាល់យ៉ាងខ្លាំងដល់កុមារ” ៕
ប្រែសម្រួល ឈូក បូរ៉ា