បង់ដាសេរីបេហ្គាវ៉ាន់៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ថា លោកឧត្តមសេនីយ៍ Siti Saihalina អ្នកអង្កេតការណ៍ស្តីទីរបស់ប្រទេសប្រ៊ុយណេបានលើកឡើងថា ប្រទេសប្រ៊ុយណេ បានត្រៀមខ្លួនរូចជាស្រេចដើម្បីសាងសង់ស្ថានីយ៍សង្កេតតារាសាស្ត្រជាតិរបស់ខ្លួនក្នុងរយៈពេល៥ឆ្នាំដែលមានគោលបំណងដើម្បីបំពេញបន្ថែមស្ថាប័នដែលមានស្រាប់សម្រាប់គោលបំណងអប់រំ ។
យោងតាមសារព័ត៌មានក្នុងស្រុក ឈ្មោះថា Borneo Bulletin បានចុះផ្សាយប្រចាំថ្ងៃនៅថ្ងៃព្រហស្បតិ៍ ដោយលោក Saihalina បានគូសបញ្ជាក់ពីសមិទ្ធិផល និងផែនការអនាគតរបស់នាយកដ្ឋានអង្កេតនៃក្រសួងអភិវឌ្ឍន៍នៅឯការប្រារព្ធទិវាប្រព័ន្ធព័ត៌មានភូមិសាស្ត្រ ហៅកាត់ (GIS) កាលពីថ្ងៃពុធ ។
លោក Nor Imtihan លេខាធិការអចិន្ត្រៃយ៍ទទួលបន្ទុកផែនការ ការប្រើប្រាស់ដី និងបរិស្ថាននៃក្រសួងអភិវឌ្ឍន៍បានជំរុញឱ្យនាយកដ្ឋានអង្កេត ផ្តល់ព័ត៌មាន និងសេវាកម្មភូមិសាស្ត្រប្រកបដោយប្រសិទ្ធភាព និងជាប្រព័ន្ធបន្ថែមទៀតលើកិច្ចការងារនេះ ។
គេបានដឹងថា មានអ្នកចូលរួមប្រមាណ១៦៦នាក់មកពីគ្រប់ស្ថាប័នទាំងអស់បានចូលរួមសន្និសីទរយៈពេលខ្លីដែលរៀបចំដោយនាយកដ្ឋានអង្កេត ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា