ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានអះអាងថា អ្នកណាក៏ដោយឲ្យតែពូកែ ប្រើកាំភ្លើងបាញ់បោះសេរី យ៉ាងណាអាណាធិបតេយ្យ ដោយគ្មានក្រែចិត្តថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ នឹងបញ្ជូនទៅការពារព្រំដែន រាល់ពេលមានបញ្ហាផ្ទុះអាវុធ ជាមួយប្រទេសជិតខាងកម្ពុជា ។
មូលហេតុសម្តេចបានទម្លាយរឿង បញ្ជូនអ្នកពូកែបាញ់បោះទៅព្រំដែននេះ ដោយសារកាលយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅរមណីយដ្ឋានគិរីរម្យ ត្រង់ចំណុចផ្ទះលំហែភូមិថ្មី (ចំការតែ) ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្នុងកម្មវិធីខួបកំណើត មួយមានការលាន់សូរ ផ្ទុះអាវុធជាង២០០គ្រាប់ ដែលកើតចេញពីក្រុមមន្រ្តីនគរបាលចំនួន៤នាក់។ ក្រោយកើតហេតុការណ៍ពួកគេ ក៏ត្រូវបានបណ្ដេញចេញពីក្របខណ្ឌ ។
ក្នុងវេទិកាជាមួយកម្មករ លើកចុងក្រោយ នាថ្ងៃ២១ វិច្ឆិកានេះ សម្តេចធិបតី បានរំលឹកថា ថ្ងៃមុននៅគិរីរម្យមានការបាញ់ផ្អើលរហូតដល់ជាង២០០គ្រាប់នោះ បានបណ្តេញពួកគេចេញពីក្របខណ្ឌហើយ ។ ក្នុងន័យហាក់ហួសចិត្ត សម្តេចក៏បានព្រមានទៅអ្នកមានកាំភ្លើងជាប់ខ្លួន ក្នុងនាមជាកងកម្លាំងការពារជាតិ ហើយពូកែមានជំនាញខាងបាញ់បោះត្រូវចុះឈ្មោះមុនគេ ដើម្បីទៅការពារព្រំដែន ។
ដោយសម្តេចសង្កត់ធ្ងន់ថា “សំបូរអ្នកកាចផឹកហើយបាញ់ ។ ខ្ញុំមួយវឹកវៃព្រះវិហារ ខ្ញុំរកអ្នកបាញ់ហ្នឹងតើ រកអត់ឃើញ…ខ្ញុំប្រាប់ថា អ្នកបាញ់ក្នុងក្រុង គួរតែឲ្យចុះកុងត្រាតែម្តង បើមានផ្ទុះអាវុធការពារទឹកដីសុំស្ម័គ្រចិត្តទៅមុនគេ បញ្ជូនទៅម៉ង់ ចូលចិត្តអ្នកក្លាហាន”។
ជាមួយគ្នានេះដែរ សម្តេចក៏បានបង្ហើបថា កាលពីសម្តេចនៅផ្ទះម្តុំទួលគោក ក៏មានករណីស្រដៀងគ្នាទៅនឹងការបាញ់បោះគ្មាន ត្រាប្រណីនេះដែរ គឺមានការបើកឡាន លឺសំឡេងខ្លាំងៗ ៕