តូក្យូ ៖ ក្រសួងការបរទេសបានឲ្យដឹងថា អនុរដ្ឋមន្ត្រីជាន់ខ្ពស់ជប៉ុនពីររូប បានទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែន រួមជាមួយនឹងគណៈប្រតិភូធុរកិច្ច ដើម្បីពិនិត្យមើលសំណើ សម្រាប់ការរួមចំណែករបស់ជប៉ុន ក្នុងការកសាងប្រទេស ដែលហែកហួរដោយសង្រ្គាមឡើងវិញនាពេលអនាគត។
លោក Kiyoto Tsuji អនុរដ្ឋមន្ត្រីការបរទេសជាន់ខ្ពស់ និងលោក Kazuchika Iwata អនុរដ្ឋមន្ត្រីសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជាន់ខ្ពស់ បានជួបជាមួយនាយករដ្ឋមន្ត្រីលោក Denys Shmyhal ក្នុងទីក្រុងគៀវ មួយថ្ងៃបន្ទាប់ពីបានមកដល់ប្រទេសកាលពីថ្ងៃអាទិត្យ។
លោក Tsuji បានប្រាប់ លោក Shmyhal ថាការប្តេជ្ញាចិត្តរបស់ជប៉ុន ក្នុងការជួយអ៊ុយក្រែន នឹងមិនដែលរវើរវាយឡើយ ហើយថាដំណើរទស្សនកិច្ច របស់ទាំងលោក និងលោក Iwata គឺ “មានសារៈសំខាន់ នៅក្នុងលក្ខខណ្ឌ នៃការធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត នូវការចូលរួមរបស់ក្រុមហ៊ុនជប៉ុន” ក្នុងការកសាងប្រទេសឡើងវិញ ។
លោក Iwata ត្រូវបានក្រសួង ដកស្រង់សម្ដីថា រដ្ឋាភិបាលនឹងជួយដល់អាជីវកម្មជប៉ុនដល់ទីបញ្ចប់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។
ក្រសួងបានឲ្យដឹងថាលោក Shmyhal បានសម្តែងសុទិដ្ឋិនិយមអំពីតួនាទីរបស់ប្រទេសជប៉ុន ដោយនិយាយថា ទីក្រុងគៀវ នឹងបន្តធ្វើការជាមួយទីក្រុងតូក្យូ សម្រាប់សន្និសីទជប៉ុន-អ៊ុយក្រែន សម្រាប់ការលើកកម្ពស់ការកសាងឡើងវិញសេដ្ឋកិច្ច ដែលគ្រោងនឹងរៀបចំនៅទីក្រុងតូក្យូនៅថ្ងៃទី១៩ ខែកុម្ភៈ។
លោក Fumiya Kokubu ប្រធានគណៈកម្មាធិការពិសេសរបស់សហព័ន្ធធុរកិច្ចជប៉ុន ស្តីពីការងើបឡើងវិញនៃសេដ្ឋកិច្ចអ៊ុយក្រែន អមដំណើរលោក Tsuji និង Iwata ។ សហព័ន្ធគឺជាកន្លែងបញ្ចុះបញ្ចូលអាជីវកម្មដ៏មានឥទ្ធិពលបំផុតរបស់ប្រទេស ហើយត្រូវបានគេស្គាល់ថាជា Keidanren ។
គណៈប្រតិភូក៏បានរួមបញ្ចូល អ្នកជំនួញមកពីក្រុមហ៊ុនជប៉ុន ប្រហែល 10 ដូចជាក្រុមហ៊ុនវិស្វកម្ម JFE Engineering Corp. និង IHI Corp. និងក្រុមហ៊ុនផលិតគ្រឿងយន្តកសិកម្ម Kubota Corp ។
នៅទីក្រុងតូក្យូ រដ្ឋមន្ត្រីការបរទេសជប៉ុន លោកស្រី Yoko Kamikawa បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានថា “តាមរយៈដំណើរទស្សនកិច្ច របស់បេសកកម្មសេដ្ឋកិច្ចលើកនេះ យើងនឹងជំរុញបន្ថែមទៀតនូវការគាំទ្រសាធារណៈ និងឯកជន សម្រាប់អ៊ុយក្រែន ហើយយើងសង្ឃឹមថា វានឹងនាំទៅរកភាពជោគជ័យ” ៕
ប្រែសម្រួល ឈូក បូរ៉ា