ព័ត៌មានអន្តរជាតិ

ម៉ាឡេស៊ី ​ចាប់ខ្លួន​បុរស​ជនជាតិ​ជប៉ុន ​៧​នាក់ ​ដែល​សង្ស័យ​ពី​ប្រតិបត្តិការ​ ឆបោក​តាម​ទូរស័ព្ទ​

Kyodo

កូឡាឡាំពួរ៖ ប៉ូលិសម៉ាឡេស៊ីបានឲ្យដឹងថា ពួកគេបានចាប់ខ្លួនបុរសជនជាតិជប៉ុន ៧នាក់ដែលសង្ស័យថា បានធ្វើសកម្មភាពឆបោកតាមទូរស័ព្ទ ដែលកំណត់គោលដៅពលរដ្ឋ នៅក្នុងប្រទេសកំណើតរបស់ពួកគេ បន្ទាប់ពីបានឆ្មក់ចូលខុនដូក្នុងទីក្រុងកូឡាឡាំពួរ។

បុរស​នោះ​មាន​អាយុ​ចន្លោះ​ពី ២៣ ទៅ ៤១ ឆ្នាំ ត្រូវ​បាន​ចាប់​ខ្លួន​ភ្លាមៗ ​ពី​បទ​ល្មើស​ច្បាប់​អន្តោប្រវេសន៍។ ប៉ូលីសបានឲ្យដឹងថា ពួកគេបានឆ្មក់ចូលផ្ទះល្វែងក្នុងរដ្ឋធានីម៉ាឡេស៊ី ហើយបានចាប់ខ្លួនជនសង្ស័យ ដកហូតទូរស័ព្ទ និងរបស់របរផ្សេងទៀត បន្ទាប់ពីត្រូវបានស្ថានទូតជប៉ុន ប្រាប់ឱ្យដឹងពីហេតុការណ៍នេះ។

ប្រធាននាយកដ្ឋានស៊ើបអង្កេត ឧក្រិដ្ឋកម្មពាណិជ្ជកម្ម លោក Ramli Mohamed Yoosuf បានឲ្យដឹងថា ការស៊ើបអង្កេតបានបង្ហាញថា “ក្រុមនេះកំពុងប្រតិបត្តិការឆបោកតាមទូរស័ព្ទ” ផ្តោតលើជនជាតិជប៉ុន ដោយប្រើកម្មវិធីហៅទូរសព្ទ និងផ្ញើសារតាម Skype ដើម្បីទាក់ទងជនរងគ្រោះរបស់ពួកគេ។

សមាជិកក្រុមនេះត្រូវបានគេចោទប្រកាន់ថា បានក្លែងបន្លំជាបុគ្គលិកធនាគារ ហើយបានប្រាប់ជនរងគ្រោះថា មានបញ្ហាជាមួយគណនីរបស់ពួកគេ ដោយស្នើសុំឱ្យពួកគេផ្ទេរប្រាក់ ទៅគណនីមួយផ្សេងទៀត ដែលផ្តល់ដោយអ្នកបោកប្រាស់។

ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​អន្តោ​ប្រវេសន៍​ ឃុំខ្លួន​បណ្តោះអាសន្ន​រង់ចាំ​ការស៊ើបអង្កេត​បន្ត​។ ក្រុមឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងជនជាតិជប៉ុន ត្រូវបានរាយការណ៍នៅក្នុងផ្នែកផ្សេងទៀត នៃអាស៊ីអាគ្នេយ៍នាពេលថ្មីៗនេះ។

កាល​ពី​ដើម​ខែ​នេះ ប៉ូលិស​ជប៉ុន ​បាន​ចាប់​ខ្លួន​បុរស​ជនជាតិ​ជប៉ុន ២៥ នាក់ ដែល​សង្ស័យ​ថា​បាន​ឆបោក ​តាម​ទូរស័ព្ទ​ចេញ​ពី​រាជធានី​ភ្នំពេញ បន្ទាប់​ពី​ពួកគេ​ត្រូវ​បាន​និរទេស​ពីប្រទេស​កម្ពុជា ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top