ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ក្នុងរយៈពេល៣ខែ កន្លងមកនេះ រាជរដ្ឋាភិបាល អាណត្តិទី៧ បានដើរទាក់ទាញការវិនិយោគបរទេស និងលើកស្ទួយការវិនិយោគ នៅប្រទេសកម្ពុជាបានយ៉ាងច្រើន។
នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ គឺមានរយៈពេល ៣ខែហើយ នៃការបង្កើតរាជរដ្ឋាភិបាលថ្មី ដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត។
ក្នុងរយៈពេល៣ខែនេះ ក៏ស្របទៅនឹងការអញ្ជើញសម្ពោធដាក់ ឲ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៥ នាព្រឹកថ្ងៃ២២ វិច្ឆិកានេះដែរពីសំណាក់សម្ដេចធិបតី ។ ដោយឱកាសនេះ សម្តេចហ៊ុន ម៉ាណែត បានឲ្យដឹងថា រយៈពេល៣ខែដំបូង នៃការដឹកនាំរបស់រាជរដ្ឋាភិបាល សម្តេចមិនបានសម្រាកឡើយគឺបានខិតខំយ៉ាងខ្លាំងក្នុងការបន្តរក្សាសន្ដិភាព ស្ថិរភាពនយោបាយ ទាក់ទាញវិនិយោគមកកាន់កម្ពុជា និងបន្តកិច្ចការងារអភិវឌ្ឍន៍លើគ្រប់វិស័យ។
សម្ដេចមានប្រសាសន៍ថា «ខ្ញុំសូមបញ្ជាក់ថា ៣ខែនេះ យើងដើរទាក់ទាញនៅក្នុងគម្រោងកម្ចីមានមួយផ្នែក ប៉ុន្តែក្រៅពីនោះយើងបាន ទាក់ទាញការវិនិយោគបរទេស ទាំងលើកស្ទួយនៅក្នុងការវិនិយោគក្នុងស្រុក ដើម្បីប្រើប្រាស់នៅក្នុងធនធានវិស័យឯកជន រដ្ឋាភិបាល មិនចាំបាច់ខ្ចីទេ ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធជាច្រើន គឺប្រើប្រាស់ធនធានឯកជនតាមរយៈ BOT ផ្សេងៗ ។ ខ្ញុំសម្ពោធព្រលានយន្ដហោះនៅខេត្តសៀមរាប អស់ជាង១ពាន់លាន គឺថវិកា BOT»។
សម្ដេចនាយករដ្ឋមន្ដ្រីបន្ដថា ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធជាច្រើន គឺប្រើប្រាស់ធនធានឯកជនតាមរយៈ BOT និងតាមរយៈផ្សេងៗ។ ការទាញអ្នកនិវិយោគមកកម្ពុជា តាមរយៈក្រុមហ៊ុនផ្សេង ដើម្បីបង្កើតដង្ហើមសេដ្ឋកិច្ច ព្រមទាំងបើកច្រកទំនាក់ទំនង ជាមួយបណ្ដាប្រទេសជិតខាង ដើម្បីទាញទំនាក់ទំនងរវាងប្រជាជន និងប្រជាជន និងវិស័យទេសចរណ៍ផ្សេងៗ។ ដូច្នេះ រយៈពេល៣ខែនេះ រាជរដ្ឋាភិបាលមិនបាន «ដេក មិនបានដើរចេះតែខ្ជីលុយគេទេ»៕