ព័ត៌មានអន្តរជាតិ

អតីតប្រធានាធិបតី នីហ្សេរីយ៉ា ៖ ប្រជាធិបតេយ្យ របស់លោកខាងលិច បានត្រឹមបរាជ័យ ប៉ុណ្ណោះនៅអាហ្វ្រិក

ប្រភព ៖ AFP

បរទេស ៖ អតីតប្រធានាធិបតីនីហ្សេរីយ៉ា លោក Olusegun Obasanjo បាននិយាយ កាលពីថ្ងៃអង្គារម្សិលមិញថា លទ្ធិប្រជាធិបតេយ្យ លោកខាងលិចបានបរាជ័យ ក្នុងដំណើរការជាប្រព័ន្ធ រដ្ឋាភិបាល នៅទ្វីបអាហ្រ្វិក ដោយសារតែវាត្រូវបានរៀបចំឡើង និងអនុវត្តដោយមហាអំណាច ដែលមានលក្ខណៈជាអាណានិគម ។

យោងតាមការចេញផ្សាយរបស់ RT អតីតមេដឹកនាំរូបនេះបានធ្វើការ កត់សម្គាល់នៅក្នុងសន្និសីទស្តីពី ការគិតឡើងវិញនូវលទ្ធិប្រជាធិបតេយ្យ សេរីនិយមលោកខាងលិច សម្រាប់ទ្វីបអាហ្រ្វិកដែលធ្វើឡើងនៅបណ្ណាល័យ ប្រធានាធិបតី Olusegun Obasanjo ក្នុងរដ្ឋធានីរដ្ឋ Ogun, Abeokuta ។

អតីតប្រធានាធិបតីដដែលនេះ ក៏បានកំណត់លទ្ធិប្រជាធិបតេយ្យ សេរីបស្ចិមប្រទេសថាជា រដ្ឋាភិបាលរបស់មនុស្ស ពីរបីនាក់លើប្រជាជនទាំងអស់ ដែលព្រងើយកន្តើយនឹងទស្សនៈ របស់ប្រជាជនភាគច្រើន។

ក្នុងនោះលោកក៏បានបន្ថែមទៀតដែរថា ប្រព័ន្ធអភិបាលកិច្ចនេះ ត្រូវបានរចនាឡើងដោយមិនយកប្រវត្តិសាស្ត្រអាហ្វ្រិក និងភាពស្មុគស្មាញពហុវប្បធម៌ មកពិចារណានោះទេ៕

ប្រែសម្រួល៖ស៊ុនលី

To Top