ព័ត៌មានជាតិ

លោក ឃួង ស្រេង ឲ្យត្រៀមបង្វែមនុស្សចេញ ពីទីតាំងកកស្ទះ ជៀសវាងបញ្ហាមិនល្អកើតឡើង ថ្ងៃបុណ្យអុំទូក

រូបភាពពី៖​ រដ្ឋបាលរាជធានីភ្នំពេញ

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ប្រាប់ឲ្យអាជ្ញាធរ ត្រូវយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះទីតាំងកកស្ទះខ្លាំង ត្រូវតែសម្រួល ឬបង្វែមនុស្សចេញ ជៀសវាងមានបញ្ហាមិនល្អកើតឡើង ក្នុងពិធីបុណ្យ អុំទូក បណ្តែតប្រទីព និងសំពះព្រះខែ អកអំបុក ។

បទបញ្ជារបស់លោក ឃួង ស្រេង ខាងលើនេះ ដាក់ចេញក្នុងកិច្ចប្រជុំត្រៀមលក្ខណៈ រៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីព និងសំពះព្រះខែ អកអំបុក ដោយការចូលរួម ពីស្នងការដ្ឋានរាជធានី,ទីបញ្ជាការដ្ឋាន កងររាជអាវុធហត្ថរាជធានី, អភិបាលខណ្ឌទាំង១៤ និងមន្ទីរចំណុះរដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី២២ វិច្ឆិកា២០២៣ នៅសាលារាជធានីភ្នំពេញ ។

លោកឃួង ស្រេង បានលើកឡើងថា ពិធីបុណ្យអុំទូក ឆ្នាំនេះ កម្លាំងពាក់ព័ន្ធ និងអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ដោយពិនិត្យអាវុធជាតិផ្ទុះ ចាប់ពីយប់នេះតទៅ ជាមួយនិងការដាក់វេនប្រចាំបញ្ជាឲ្យបានច្បាស់លាស់ ។

ក្នុងនោះ ប្រធានអង្គប្រជុំបានស្នើអាជ្ញាធរខណ្ឌយកចិត្តទុកដាក់ ចំពោះទីតាំងសប្បាយ ពិសេសបៀកាឌិន ដែលរំខានដល់ដំណេកប្រជាពលរដ្ឋ ហើយត្រូវថ្លឹងថ្លែង ទាំងសងខាង។ អ្នកបើកបៀកាឌិន បានធ្វើឲ្យចំណេញដល់ជាតិ តាមរយៈការផ្តល់ការងារជូនប្រជាពលរដ្ឋ តែបើរំខាន ប្រជាពលរដ្ឋនៅតំបន់នោះ ក៏មិនអាចទទួលយកបានដែរ។

អភិបាលរាជធានីភ្នំពេញ ក៏ជំរុញឲ្យអាជ្ញាធរខណ្ឌ បង្ក្រាបគ្រឿងញៀន ល្បែងស៊ីសង់ ចោរឆក់ប្លន់ ឲ្យបានខ្លាំងក្លាបំផុត ជាមួយនិងការចុះពិនិត្យ និងតាមដាន ដើម្បីបង្ការទប់ស្កាត់ ការជួញដូរមនុស្សគ្រប់ទម្រង់។

លោក ឃួង ស្រេង សង្កត់ធ្ងន់ថា “ត្រូវតែយកចិត្តទុកដាក់ឲ្យបានខ្ពស់បំផុត ចំពោះទីតាំងណាកកស្ទះខ្លាំង ត្រូវតែសម្រួលឬបង្វែមនុស្សចេញ ជៀសវាងកុំឲ្យមានបញ្ហាមិនល្អកើតឡើង ។ អាជ្ញាធរខណ្ឌទាំង១៤ និងកម្លាំងមានសមត្ថកិច្ច នាឱកាសបុណ្យនេះ ត្រូវបែងចែកកម្លាំង ចុះល្បាតជាប្រចាំនៅក្នុងមូលដ្ឋាន” ។

សូមរំលកថា ក្នុងពិធីបុណ្យនេះ រដ្ឋបាលរាជធានីភ្នំពេញ បានតុបតែងកែលម្អររាជធានី ដោយត្រៀមកំលាំងតុបតែងភ្លើង ត្រៀមកម្លាំងបោសសំអាតជាង៣០០នាក់ ដោយចាប់ពីម៉ោង១១យប់ ដល់៦ព្រឹក និងបានរៀបចំបន្ទប់ទឹកបង្គន់អនាម័យ៥៦៧បន្ទប់ ទាំងបង្គន់សាធារណៈ និងសម្រាប់កីឡាករ។

តាមគម្រោងនឹងមានទូក ង ចូលរួមប្រណាំងប្រមាណជាង៣០០ទូក (រាជធានីភ្នំពេញ មានប្រមាណជាង៤០ទូក), មានកីឡាករ កីឡាការិនី ចំណុះទូកប្រមាណជិត២ម៉ឺននាក់ និងមានប្រទីបជាង៣០៕

To Top