កំពង់ឆ្នាំង ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងឲ្យដឹងថា ទៅថ្ងៃអនាគត កម្ពុជានឹងសាងសង់ផ្លូវដែកមួយខ្សែទៀត ដោយនឹងតភ្ជាប់ពីរាជធានីភ្នំពេញ ខេត្តកំពង់ចាម ខេត្តកំពង់ធំ ខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ ដើម្បីជំរុញការដឹកជញ្ជូនកាន់តែច្រើន និងកាត់បន្ថយថ្លៃដឹកជញ្ជូនទំនិញ។
បច្ចុប្បន្ន កម្ពុជាមានផ្លូវដែកចំនួន២ខ្សែ ដោយខ្សែទី១ចេញពីភ្នំពេញទៅអូរាំងឪ កាត់ខេត្តកណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យមានប្រវែង ៣៨៥គីឡូម៉ែត្រ។ ចំណែកខ្សែទី២ ចេញពីភ្នំពេញទៅក្រុងព្រះសីហនុកាត់ភ្នំពេញ កណ្តាល តាកែវ កំពត កែប និងក្រុងព្រះសីហនុ ប្រវែង២៦៦គី ឡូម៉ែត្រ ។
ក្នុងឱកាសសម្ពោធដាក់ឲ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៥ នាព្រឹកថ្ងៃ២២ វិច្ឆិកា សម្តេចធិបតីមានប្រសាសន៍ថា ក្រៅពីផ្លូវថ្នល់ នឹងពង្រឹងផ្លូវដែកបន្ថែមទៀត ។ ចំពោះផ្លូវដែកនឹងត្រូវធ្វើអាទិភាពសំខាន់បំផុត គឺត្រូវពង្រឹងផ្លូវដែកនៅភាគខាងជើង និងខាងត្បូង។
សម្ដេចបញ្ជាក់ថា ដើម្បីពង្រឹងអ្វីដែលមានស្រាប់ និងជំរុញការដឹកជញ្ជូនបានស្រួល និងលឿនកាត់បន្ថយចំណាយ កម្ពុជាចាំបាច់ត្រូវធ្វើផ្លូវដែកមួយទៀត ដើម្បីសម្រួលការដឹកជញ្ជូន កាត់បន្ថយនៃតម្លៃដឹកជញ្ជូន ។ សម្តេចថា បច្ចុប្បន្នកម្ពុជាបានធ្វើផ្លូវល្បឿនលឿនរួចរាល់ និងបានជួយសម្រួលយ៉ាងសំខាន់ក្នុងការធ្វើដំណើរ អ្វីដែលត្រូវពង្រឹងបន្ថែមទៀត គឺគម្រោងធ្វើផ្លូវដែក។
សម្ដេចធិបតីគូសបញ្ជាក់ថា «គម្រោងធ្វើផ្លូវដែកចាំបាច់ត្រូវតែធ្វើ ។ តាមគម្រោងនឹងធ្វើភ្ជាប់ពីខាងកើតទន្លេភ្ជាប់ពីប៉ោយប៉ែត សៀមរាប ភ្នំពេញ ។ ចំណែកផ្លូវរថភ្លើងល្បឿនលឿន នឹងរៀបចំតាមក្រោយនាពេលខាងមុខ ។ ចំពោះពេលនេះត្រូវពង្រឹងអ្វីដែលមានស្រាប់ មិនចំណាយច្រើន លឿន និងបម្រើទៅលើការដឹកជញ្ជូន ពិសេសដឹកជញ្ជូនទំនិញ ព្រមទាំងកាត់បន្ថយថ្លៃដឹកទំនិញ»។
សម្តេចបញ្ជាក់ថា «បើធ្វើផ្លូវល្បឿនលឿន ទោះបីជាមិនដូចផ្លូវល្បឿនលឿនកំពង់សោមក្តីតែផ្លូវជាតិលេខ៥នេះក៏ផ្លូវមួយលឿនដែរ ដែលជួយសម្រួលដល់ការដឹកទំនិញបានច្រើន ហើយកាត់បន្ថយនូវតម្លៃដឹកជញ្ជូន។ អីចឹងផ្លូវដែកអាចនឹងធ្វើមួយទៀតដែលគម្រោងអាច ភ្ជាប់នៅខាងកើតទន្លេតភ្ជាប់ភ្នំពេញ ប៉ោយប៉ែត សៀមរាប»៕