ហ្គាហ្សា៖ អ៊ីស្រាអ៊ែល បានទទួលយកសំណើ ដែលសម្របសម្រួល ដោយកាតាកាលពីថ្ងៃពុធ សម្រាប់បទឈប់បាញ់ នៅហ្គាហ្សា ការដោះលែងអ្នកទោសប៉ាឡេស្ទីន និងការបញ្ចូលជំនួយមនុស្សធម៌ បន្ថែមទៀតទៅកាន់តំបន់ ដែលឡោមព័ទ្ធជាថ្នូរនឹងក្រុមហាម៉ាស ក្នុងការដោះលែងចំណាប់ខ្មាំង។
ចលនាតស៊ូអ៊ីស្លាមប៉ាឡេស្ទីន (ហាម៉ាស) បានឲ្យដឹងថា ខ្លួនបានឈានដល់កិច្ចព្រមព្រៀងឈប់បាញ់រយៈពេល ៤ ថ្ងៃជាមួយអ៊ីស្រាអែល ក្រោមការសម្រុះសម្រួលកាតា-អេហ្ស៊ីប បន្ទាប់ពីជម្លោះបង្ហូរឈាមរយៈពេល ៤៦ ថ្ងៃនៅក្នុងតំបន់ឆ្នេរសមុទ្រ ដែលត្រូវបានឡោមព័ទ្ធ។
ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរដ្ឋាភិបាល ដែលគ្រប់គ្រងដោយក្រុមហាម៉ាស បានឲ្យដឹងកាលពីថ្ងៃអង្គារថា ចំនួនអ្នកស្លាប់ពលរដ្ឋប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សាស្ទ្រីប បានកើន ឡើងលើសពី ១៤,០០០នាក់ចាប់ តាំងពីជម្លោះកើតឡើងរវាងអ៊ីស្រាអ៊ែល និងក្រុមហាម៉ាស រហូតដល់បច្ចុប្បន្ន ដែលបានផ្ទុះឡើងកាលពីថ្ងៃទី០៧ ខែតុលា ។
លោក Ismail al-Thawabta អគ្គនាយកនៃការិយាល័យប្រព័ន្ធផ្សព្វផ្សាយបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានថា នៅក្នុងចំណោមអ្នកស្លាប់មានកុមារចំនួន ៥,៨៤០នាក់ និងស្ត្រីចំនួន ៣,៩២០នាក់ ខណៈដែលមនុស្សជាង ៣៣,០០០នាក់ផ្សេងទៀតបានរងរបួស ។
លោក Al-Thawabta បានឲ្យដឹងថា ចំនួនអ្នកបាត់ខ្លួនបានកើនឡើងលើសពី ៦,៨០០នាក់ ក្នុងនោះមានកុមារ និងស្ត្រីចំនួន ៤,៥០០នាក់ ដែលស្ថិតនៅក្រោមគំនរបាក់បែកនៃអគារដែលត្រូវបានបំផ្លាញនៅក្នុងការវាយប្រហាររបស់អ៊ីស្រាអ៊ែល។
អ៊ីស្រាអ៊ែល បាននិងកំពុងធ្វើការវាយប្រហារមកលើតំបន់ហ្គាហ្សា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ដើម្បីសងសឹកនឹងការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ក្រុមហាម៉ាស លើភាគខាងត្បូងអ៊ីស្រាអ៊ែលកាលពីថ្ងៃទី០៧ ខែតុលា ក្នុងអំឡុងពេលដែលក្រុមសកម្មប្រយុទ្ធហាម៉ាស បានសម្លាប់មនុស្សប្រហែល ១,២០០នាក់ និងចាប់ចំណាប់ខ្មាំងជាង ២០០នាក់ ៕
ប្រែសម្រួល ឈូក បូរ៉ា