សេអ៊ូល ៖ ប្រភពទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ថា ដំណាក់កាលមួយ នៅក្នុងចំណោមដំណាក់កាល នៃការបាញ់បង្ហោះផ្កាយរណបរបស់កូរ៉េខាងជើង បានបំផ្ទុះឡើង ក្រោយពីការបំបែកខ្លួនកាលពីថ្ងៃអង្គារ ដោយខ្សែវីដេអូ ដែលថតបានដោយក្រុមសង្កេត ការណ៍តារាសាស្ត្រកូរ៉េខាងត្បូង បានបង្ហាញនៅក្នុងអ្វី ដែលអ្នកវិភាគ មួយចំនួនបានយល់ឃើញថា អាចជាការបំផ្លិចបំផ្លាញ ដោយចេតនាដើម្បីការពារដល់ការងើប ឡើងវិញរបស់ខ្លួន ។
ប្រទេសកូរ៉េខាងជើង បានបាញ់បង្ហោះផ្កាយរណបចារកម្ម ដំបូងរបស់ខ្លួន ទៅកាន់គន្លង តារាវិថីកាលពីថ្ងៃអង្គារ បន្ទាប់ពីការប៉ុនប៉ងចំនួន២លើក មុននៅក្នុងឆ្នាំនេះដែលបានបញ្ចប់ ដោយគ្រាប់រ៉ុក្កែតធ្លាក់ចុះនៅក្នុងអំឡុង ពេលហោះហើរ ។
ខ្សែវីដេអូនេះត្រូវបានថត ដោយកាមេរ៉ាដែលសាកលវិទ្យាល័យ Yonsei របស់ប្រទេសកូរ៉េខាងត្បូង ប្រើសម្រាប់មើលអាចម៍ផ្កាយ ។ ក្រុមអ្នកវិភាគ បានលើកឡើងថា វាបង្ហាញពីគ្រាប់រ៉ុក្កែត Chollima-1 ឆ្លងកាត់លើមេឃ ហើយដំណាក់កាលមួយបំបែក ។ ដំណាក់កាលទាប ក្រោយមកធ្លាក់ទៅ ឆ្ងាយមួយសន្ទុះ មុនពេលផ្ទុះឡើងដោយបញ្ចេញពន្លឺមួយ និងពពកនៃកម្ចេចកម្ទី ។
លោក Byun Yong-Ik សាស្ត្រាចារ្យផ្នែកតារាសាស្ត្រ នៅសកលវិទ្យាល័យ Yonsei បានប្រាប់ដល់ទីភ្នាក់ងារ Reuters ថា #លើកនេះ ពួកគេហាក់ដូចជាបានបំផ្ទុះឧបករណ៍ជំរុញ ដំណាក់កាលដំបូងនៅកណ្តាលអាកាស” ។
លោកបានបញ្ជាក់ថា “វិធានការប្រភេទនេះ មិនត្រូវបានគេឃើញនៅក្នុងការប៉ុនប៉ងបាញ់បង្ហោះដូចកាលពីមុននោះទេ ហើយវាអាចជាកិច្ចខិតខំប្រឹងប្រែង មួយដើម្បីរារាំងអាជ្ញាធរកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ពីការស្តារឡើងវិញនូវម៉ាស៊ីនជំរុញនេះ ដោយសារវាត្រូវបានបំពាក់ដោយម៉ាស៊ីនថ្មី”៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា