ម៉ូស្គូ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ថា ទីភ្នាក់ងារ សារព័ត៌មាន RIA Novosti របស់រុស្ស៊ីបានរាយការណ៍ នៅថ្ងៃអង្គារនេះថា កងទ័ពជើងទឹករុស្ស៊ី នឹងលើកទង់ជាតិរបស់ខ្លួន នៅលើនាវាមុជទឹកប្រើ ថាមពលម៉ាស៊ូត-អគ្គិសនី Mozhaysk ដោយផ្ទេរវាទៅកងនាវាប៉ាស៊ីហ្វិក ។
“នៅថ្ងៃទី២៨ ខែវិច្ឆិកាឆ្នាំ២០២៣ ពិធីដ៏ឧឡារិកនៃការលើកទង់ជាតិកងទ័ពជើងទឹកនៃសហព័ន្ធរុស្ស៊ីនៅលើនាវាមុជទឹកប្រើប្រាស់ម៉ាស៊ូត-អគ្គិសនីដ៏ធំ Mozhaysk នៃគម្រោង៦៣៦ នឹងប្រព្រឹត្តទៅនៅឯកន្លែងផលិតនាវា Admiralty” ។
នាវាមុជទឹក Mozhaysk ដែលត្រូវបានសាងសង់នៅឯកន្លែងផលិតនាវា Admiralty Shipyard ក្នុងទីក្រុង Saint Petersburg គឺជានាវាមុជទឹកទី៥ នៅក្នុងចំណោមនាវាមុជទឹកទាំង៦ នៃស៊េរីគម្រោង៦៣៦ សម្រាប់កងនាវាចរនៅមហាសមុទ្រប៉ាស៊ីហ្វិក ។ វាត្រូវបានចាប់ផ្តើមនៅក្នុងខែមេសាឆ្នាំនេះ ។
កន្លែងផលិតនាវា Admiralty ឥឡូវនេះបន្តការសាងសង់នាវាមុជទឹកទី៦នៃគម្រោងនេះ គឺ Yakutsk ហើយនាវា Mozhaysk និង Yakutsk ត្រូវបានដាក់រួមគ្នានៅក្នុងខែសីហា ឆ្នាំ២០២១ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា