កំពង់ចាម៖ នៅព្រឹកថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងវេទិកា ផ្សព្វផ្សាយពិគ្រោះយោបល់ ដើម្បីដោះស្រាយ សំណើរសំណូមពរ និងកង្វល់ របស់ប្រជាពលរដ្ឋ នៅភូមិទី២ ឃុំព្រែកតានង់ ស្រុកកោះសូទិន ក្រុមប្រឹក្សា អាជ្ញាធរខេត្ត កំពង់ចាម បានទទួល សំណើរសំណូមពរ និងកង្វល់ សរុប ១៩ ដោយក្នុងនោះ ត្រូវបានដោះស្រាយភ្លាមៗមួយចំនួន និងមួយចំនួនទៀត ត្រូវបានយកទៅពិភាក្សា ធ្វើការដោះស្រាយតាមនិតិវិធីរបស់រដ្ឋបាល ។
វេទិកានេះប្រារព្ធធ្វើឡើង ក្រោមអធិបតីភាព លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត លោក សា ស៊ីថា អភិបាលរងខេត្ត ដោយមានការចូលរួមពី តំណាងមន្ទីរ អង្គភាព ពាក់ព័ន្ធ និងប្រជាពលរដ្ឋសរុបចំនួន ៤៣១ នាក់ ។
លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានមានប្រសាសន៍ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ នាពេលនេះ ពិតជាបានផ្ដល់ឱកាសដល់ ប្រជាពលរដ្ឋទទួលបាននូវព័ត៌មាន និងបានស្តាប់នូវ របាយការណ៍បូកសរុប លទ្ធផលការងារដែលក្រុមប្រឹក្សា និងគណៈអភិបាលខេត្តសម្រេចបាន ក្នុងឆ្នាំកន្លងទៅ ហើយក៏ជាឱកាសមួយសម្រាប់ ប្រជាពលរដ្ឋលើកឡើងនូវសំណួរ និងសំណូមពរ ដើម្បីក្រុមប្រឹក្សាធ្វើការពិភាក្សា និងឆ្លើយតប។
សូមបញ្ជាក់ថា អង្គវេទិកានោះ បានដំណើរការអស់រយៈពេល ២ ម៉ោងនិង៤០ នាទី ដោយអាជ្ញាធរក្រុមប្រឹក្សាខេត្ត បានទទួលសំណើរពីប្រជាពលរដ្ឋ ចំនួន ៦ សំណូមពរចំនួន ១០ និងក្តីកង្វល់ចំនួន ២ និងទំនាស់ ចំនួន១ សរុបចំនួន ១៩ ។ តាមរយៈគណៈអធិបតី ក្នុងនោះសំណើ សំណូមពរ កង្វល់ និងទំនាស់ ចំនួន ៨ ត្រូវបានដោះស្រាយ និងឆ្លើយតបភ្លាមៗ ផ្ទេរជូនសមត្ថកិច្ច ១ ករណី និងនៅសល់មួយចំនួនទៀត ត្រូវបានទទួលយកទៅពិគ្រោះពិភាក្សា និងដោះស្រាយតាមនិតិវិធីរបស់រដ្ឋបាល ៕