ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ដ្រី ស សុខា ណែនាំឱ្យដាក់ពិន័យធ្ងន់ធ្ងរ ចំពោះអ្នកប្រើប្រាស់គ្រឿងស្រវឹង ដែលបង្កគ្រោះថ្នាក់ដល់អ្នកដទៃ

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានធ្វើការណែនាំ ឲ្យដាក់ពិន័យយ៉ាងធ្ងន់ធ្ងរ ចំពោះអ្នកប្រើប្រាស់គ្រឿងស្រវឹង ដែលបង្កគ្រោះថ្នាក់បាត់បង់ជីវិត ឬរបួស ដល់អ្នកដទៃ។

ក្នុងពិធីប្រកាសផ្សព្វផ្សាយផែនការជាតិទស្សវត្សសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោក លើកទី២ ឆ្នាំ២០២១-២០៣០ នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បានសង្កេតឃើញថា ៥៤ភាគរយ នៃចំនួនអ្នកដែលមានគ្រោះថ្នាក់បង្កឲ្យស្លាប់ភាគច្រើននៅពេលយប់ ហើយភាគច្រើនសុទ្ធតែគ្រឿងស្រវឹងទាំងអស់ បង្កឲ្យបាត់បង់ជីវិតអ្នកដទៃ ឬអ្នកជិះជាមួយខ្លួន ។

លោកឧបនាយករដ្ឋមន្ដ្រី បញ្ជាក់ថា «ឥឡូវយើងឃើញថា បញ្ហាគ្រឿងស្រវឹងនេះ គឺមានភាពទូលំទូលាយ។ ដូច្នេះខ្ញុំសូមស្នើឲ្យ គណៈកម្មាធិការសុវត្ថិភាព ចរាចរណ៍ផ្លូវគោក ពិសេសក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាក្រសួងមហាផ្ទៃ របស់យើង មេត្តាពិនិត្យក្នុងការដាក់ពិន័យឲ្យធ្ងន់បន្ដិច អ្នកដែលប្រើប្រាស់គ្រឿងស្រវឹង ដែលបង្កគ្រោះថ្នាក់បាត់បង់ជីវិត ដល់អ្នកដទៃ»៕

To Top