ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត សរសើរគ្រប់ភាគីពាក់ព័ន្ធ បានរៀបចំព្រះរាជពិធីបុណ្យអុំទូក ដោយជោគជ័យ មានពលរដ្ឋ ចូលរួមកម្សាន្ដរាប់លាននាក់

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងការកោតសរសើរគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ប្រកបដោយជោគជ័យ ហើយមានប្រជាពលរដ្ឋចូលរួមកម្សាន្ដរាប់លាននាក់យ៉ាងសប្បាយរីករាយ។

នាឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ដើម្បីពិភាក្សា និងឆ្លងរបៀបវារៈចំនួន៤ នាព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា ព្រះរាជពិធីបុណ្យអុំទូក ឆ្នាំនេះ ក៏ជាជោគជ័យមួយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមម្លប់ត្រជាក់ នៃសុខសន្ដិភាព។

សម្ដេច មានប្រសាសន៍ថា «ខ្ញុំ សូមយកឱកាសនេះ ធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ គណៈកម្មាធិការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ក៏ដូចជា ចំពោះក្រសួង-ស្ថាប័ន ពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមរៀបចំ ព្រះរាជពិធីបុណ្យអុំទូក កាលពេលថ្មីៗកន្លងទៅនេះ ប្រកបដោយជោគជ័យទាំងនៅរាជធានីភ្នំពេញ និងតាមបណ្ដាលខេត្ត។ បន្ទាប់ពីយើងផ្អាកជាច្រើនឆ្នាំ ដោយបញ្ហាកូវីដ-១៩ ហើយព្រះរាជពិធីនេះលើកនេះ មានប្រជាជនជាច្រើនកុះករ រាប់លាននាក់ ដែលមកចូលរួមជាពិសេសរាជធានីភ្នំពេញ ដែលបង្កើតឱ្យបរិយាកាសនេះ ប្រកបទៅដោយ សប្បាយរីករាយ»។

សម្ដេចធិបតី ក៏បានថ្លែងអំណរគុណចំពោះអ្នកពាក់ព័ន្ធទាំងអស់ ក្នុងនោះរួមមាន៖ សហភាពសហព័ន្ធយុវជនកម្ពុជា បណ្ដាក្រុមហ៊ុនក្នុងវិស័យឯកជន ដែលបានចូលរួមរៀបចំកម្មវិធីកម្សាន្ដនានានៅរាជធានីភ្នំពេញ ដែលបង្កលក្ខណៈឱ្យពិធីនេះយ៉ាងអធិកអធម។ ទាំងនេះ បានឆ្លុះបញ្ចាំងពីទិភាពជាក់ស្ដែងនៃការវិវត្តន៍របស់ប្រជាជន។

សូមរំលឹកថា បន្ទាប់ពីការខកខានអស់រយៈពេលប្រមាណ ៣ឆ្នាំជាប់ៗគ្នា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ត្រូវបានប្រារព្ធឡើងយ៉ាងមហោឡារិក រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា។ ក្នុងព្រះរាជពិធីរយៈពេល ៣ថ្ងៃនេះ មានប្រជាពលរដ្ឋខ្មែរគ្រប់ទិសទី រួមទាំងអ្នកទេសចរបរទេសចូលរួមលេងកម្សាន្តយ៉ាងច្រើនកុះករ ប្រកបដោយក្តីរីករាយបំផុត៕

To Top