ព័ត៌មានអន្តរជាតិ

Update ៖ រដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក ជំរុញឲ្យអ៊ីស្រាអ៊ែល បង្កើតតំបន់សុវត្ថិភាព សម្រាប់ជនស៊ីវិលប៉ាឡេស្ទីន

AFP

TEL AVIV៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ថា ដំណើរទស្សនកិច្ច របស់លោករដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក Antony Blinken កាលពីថ្ងៃព្រហស្បតិ៍ លោកបានជំរុញឱ្យអ៊ីស្រាអ៊ែល បង្កើតតំបន់សុវត្ថិភាពសម្រាប់ជន ស៊ីវិលប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សា នៅមុនពេលខ្លួនបន្ត “ប្រតិបត្តិការយោធាសំខាន់ៗ” នៅក្នុងទឹកដី ដែលគ្រប់គ្រងដោយក្រុមហាម៉ាស់ ។

ថ្លែងនៅថ្ងៃទី៧ នៃការផ្អាកមួយរយៈនៅក្នុងការប្រយុទ្ធគ្នា រវាងអ៊ីស្រាអ៊ែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស់ លោក Blinken ក៏បានអំពាវនាវ ឱ្យមានការពន្យារ ពេលបន្ថែមទៀត នៃបទឈប់បាញ់គ្នា ដែលរួមមានការដោះដូរចំណាប់ខ្មាំង និងអ្នកទោស និងការបញ្ជូនជំនួយ ទៅកាន់តំបន់ហ្គាហ្សាស្ទ្រីប ដែលត្រូវបានឡោមព័ទ្ធ ។

គាត់បានប្រាប់ដល់ អ្នកសារព័ត៌មាននៅទីក្រុង Tel Aviv នៅចុងបញ្ចប់នៃដំណើរទស្សនកិច្ចទៅកាន់អ៊ីស្រាអ៊ែល និងតំបន់ West Bank ដែលកាន់កាប់នោះថា “ច្បាស់ណាស់ យើងចង់ឃើញដំណើរការនេះបន្តទៅមុខទៀត” ។ គាត់បានថ្លែងថា “យើងចង់បានថ្ងៃទី៨និងលើសពីនេះ” ។

គួរបញ្ជាក់ថា ការផ្អាកបាញ់ប្រហារគ្នា នឹងត្រូវផុត កំណត់នៅព្រឹកថ្ងៃសុក្រនេះ លុះត្រាតែមានកិច្ចព្រមព្រៀងដើម្បីបន្តត្រូវបានសម្រេចនោះ បានអនុញ្ញាតឱ្យមានការដោះ លែងចំណាប់ខ្មាំង អ៊ីស្រាអ៊ែល និង ចំណាប់ខ្មាំង បរទេសជាច្រើននាក់ ដែលត្រូវបានក្រុមហាម៉ាស់ ចាប់បាននៅក្នុងការវាយឆ្មក់ ដ៏សាហាវរបស់ខ្លួន ទៅលើប្រទេសអ៊ីស្រាអ៊ែល នៅភាគខាងត្បូងជាថ្នូរនឹងអ្នកទោសប៉ាឡេស្ទីន ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top