ភ្នំពេញ ៖ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានប្តេជ្ញាពង្រឹង កិច្ចសហប្រតិបត្តិការជាមួយគុយបា ដើម្បីលើកស្ទួយវិស័យបរិស្ថាននៅកម្ពុជា។
រដ្ឋមន្រ្តីបរិស្ថានលើកឡើងបែបនេះ ក្នុងឱកាសអនុញ្ញាតឲ្យលោកស្រី លីយូរកា រ៉ូឌ្រីហ្គេស បារីយ៉ូ (Liurka Rodríguez Barrios) ឯកអគ្គរដ្ឋទូតគុយបា ប្រចាំកម្ពុជា ចូលជួប នាថ្ងៃ៣០ វិច្ឆិកា ។
ក្នុងនោះ លោកស្រីឯកអគ្គរដ្ឋទូតគុយបា បានថ្លែងថា ជំនួបនៅនាពេលនេះ គឺពង្រឹងកិច្ចសហប្រតិបត្តិការទ្វេរភាគី រវាងក្រសួងបរិស្ថាន និងក្រសួងវិទ្យាស្ថាន និងបរិស្ថាននៅគុយបា ដើម្បីលើកស្ទួយវិស័យបរិស្ថាន។
លើសពីនេះ លោកស្រីបានអបអរសាទរចំពោះ លោករដ្ឋមន្រ្តីបានអញ្ជើញចូលរួមជាតំណាងកម្ពុជា ក្នុងកិច្ចប្រជុំកំពូលG77 នៅចិន និងជូនពរលោករដ្ឋមន្ត្រី ទទួលបានជោគជ័យនៅក្នុងកិច្ចប្រជុំ COP-28 នៅប្រទេសឌូបៃនាពេលខាងមុខនេះ ។
ជាការឆ្លើយតប លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានថ្លែងថា ស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះកិច្ចសហប្រតិបត្តិការទ្វេរភាគី រវាងក្រសួង និងវិទ្យាស្ថាន បរិស្ថាន របស់គុយបា ដែលបានយកចិត្តទុកដាក់ ក្នុងវិស័យបរិស្ថាន ។ លោកថា ជាការពិត បរិស្ថានជាបញ្ហាសកល ដែលមិនអាច មើលរំលងបាន ។ ហេតុនេះក្នុងរយៈពេល ១០០ថ្ងៃ ដំបូងនៃរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានដាក់ចេញយុទ្ធសាស្រ្តចក្រា ដែលមានការងារអាទិភាព៣ គឺភាពស្អាត ភាពបៃតង និងចីរភាព ។
ជាការកត់សម្គាល់បន្ថែម លោករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះគុយបា ដែលបានរួមចំណែកក្នុងការអភិវឌ្ឍស័យនានានៅកម្ពុជា មានជាអាទិ៍៖ វិស័យសុខាភិបាល កសិកម្ម និងវិស័យសក្តានុពលផ្សេងៗទៀត ៕