ព័ត៌មានអន្តរជាតិ

អាមេរិកនៅតែបន្ត ប្រតិបត្តិការយន្ដហោះ Ospreys នៅក្នុងប្រទេសជប៉ុន បើទោះបីជាមានការស្នើសុំ ឲ្យបញ្ឈប់ជាបណ្ដោះអាសន្ន​

Kyodo

តូក្យូ៖ អ្នកនាំពាក្យក្រសួងការពារជាតិបានឲ្យដឹងថា យោធាសហរដ្ឋអាមេរិក កំពុងបន្តប្រតិបត្តិការយន្តហោះ Osprey របស់ខ្លួននៅក្នុងប្រទេសជប៉ុន មួយថ្ងៃបន្ទាប់ពីយន្តហោះមួយ ក្នុងចំណោមយន្តហោះ បានធ្លាក់នៅជិតកោះតូចមួយ របស់ប្រទេសជប៉ុន ដែលជំរុញឱ្យទីក្រុងតូក្យូ ស្នើសុំឱ្យពួកគេចុះចតជាបណ្តោះអាសន្ន។

លោកស្រី Sabrina Singh អ្នកនាំពាក្យរងរបស់ក្រសួងការពារជាតិអាមេរិក បាឲ្យដឹងក្នុងសន្និសីទសារព័ត៌មានថា លោកស្រីមិនដឹងថា មន្ទីរប៉ង់តាហ្គោន បានទទួលសំណើផ្លូវការពីប្រទេសជប៉ុន ដើម្បីបញ្ឈប់ជើងហោះហើរយន្ដហោះ Osprey នោះទេ។

លោកស្រី Singh បានសង្កត់ធ្ងន់ថា ការផ្តោតភ្លាមៗរបស់មន្ទីរបញ្ចកោណ គឺស្វែងរកអ្នកបាត់ខ្លួន និងស៊ើបអង្កេតរកមូលហេតុនៃឧប្បត្តិហេតុនេះ ។ លោកស្រីបានលើកឡើងថា “យើងមានការប្តេជ្ញាចិត្ត ចំពោះសុវត្ថិភាព​ មានការស៊ើបអង្កេតមួយ ដែលបច្ចុប្បន្នកំពុងកំណត់ និងរកមើលនូវអ្វី ដែលបានកើតឡើងពិតប្រាកដជាមួយយន្តហោះនេះ”។

លោកស្រីបន្ដថា “ប្រសិនបើការស៊ើបអង្កេតនោះផ្តល់លទ្ធផលណាមួយ ដែលតម្រូវឱ្យនាយកដ្ឋានផ្លាស់ប្តូរ អ្វីទាំងអស់អំពីយន្ដហោះ Osprey ឬដើម្បីចាត់វិធានការបន្ថែម នោះយើងពិតជានឹងធ្វើវា” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន ។

ការកត់សម្គាល់របស់លោកស្រី បានកើតឡើងបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិ និងក្រសួងការបរទេសជប៉ុន បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ពួកគេបានស្នើសុំឱ្យសហរដ្ឋអាមេរិក បញ្ឈប់ប្រតិបត្ដិការហោះហើរយន្ដហោះ Ospreys របស់ខ្លួនរហូតដល់វាធ្វើឱ្យប្រាកដថា ពួកគេមានសុវត្ថិភាពក្នុងការហោះហើរ។

នៅទីក្រុងតូក្យូ ប្រធានខុទ្ទកាល័យលោក Hirokazu Matsuno បានសង្កត់ធ្ងន់នៅថ្ងៃសុក្រនេះថា ប្រទេសជប៉ុនបាន “អំពាវនាវជាផ្លូវការ” ដល់ទីក្រុងវ៉ាស៊ីនតោន មិនឱ្យធ្វើការហោះហើរយន្ដហោះ Osprey លើកលែងតែប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ។

លោក Matsuno អ្នកនាំពាក្យរដ្ឋាភិបាលកំពូលបានឲ្យដឹង នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃមួយថា “យើងមានការព្រួយបារម្ភថា ជើងហោះហើរកំពុងត្រូវបានអនុវត្តដោយគ្មាន ការពន្យល់គ្រប់គ្រាន់អំពីការបញ្ជាក់សុវត្ថិភាព ទោះបីជាមានការស្នើសុំម្តងហើយម្តងទៀត ពីប្រទេសជប៉ុនក៏ដោយ” ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top