ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព នាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានប្រកាស សមាសភាពថ្នាក់ដឹកនាំ ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានទូទាំងប្រទេស ដោយបានណែនាំប្រធានក្រុមការងារ ថ្នាក់រាជធានី ខេត្ត ចាត់តាំងបង្កើតក្រុមការងារថ្នាក់ក្រុង ស្រុក ខណ្ឌ ឱ្យបានរួចរាល់មុនដំណាច់ឆ្នាំ២០២៣ ។
យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដែលបានចែកចាយ ក្រោយកិច្ចប្រជុំបានឲ្យដឹងថា “សម្ដេចធិបតី បានប្រកាសសមាសភាពថ្នាក់ដឹកនាំ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ទូទាំង ប្រទេស ដោយបានណែនាំប្រធានក្រុមការងារថ្នាក់រាជធានី ខេត្ត ចាត់តាំងបង្កើតក្រុមការងារថ្នាក់ក្រុង ស្រុក ខណ្ឌ ឱ្យបានរួចរាល់មុនដំណាច់ឆ្នាំ២០២៣ ដើម្បីចាប់ផ្ដើមការចុះស្វែងយល់ និងទទួលសំណើរ សំណូមពររបស់ប្រជាពលរដ្ឋ ហើយខិតខំដោះស្រាយ ឱ្យបានសមស្រប និងទាន់ពេលវេលា”។
ជាមួយគ្នានេះ សម្តេចបានណែនាំ ក្រុមការងារ ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីធានាថា គោលនយោបាយអាទិភាព ទាំងឡាយ ដែលរាជរដ្ឋាភិបាល បានដាក់ចេញ ត្រូវបានអនុវត្តដោយជោគជ័យ ដើម្បីបម្រើផលប្រយោជន៍ ប្រជាពលរដ្ឋ យ៉ាងពិតប្រាកដ៕