ព័ត៌មានជាតិ

សភាកម្ពុជា ស្នើវៀតណាម ជួយជំរុញអ្នកទេសចរ​ និងកៀរគរ វិនិយោគិនចូលមកកម្ពុជា

ភ្នំពេញ៖សម្តេច ឃួន សុដារី​ ប្រធាន​រដ្ឋសភា​កម្ពុជា​ បានស្នើដល់ ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ជួយជំរុញនិងលើកទឹកចិត្តអ្នកទេសចរ និងអ្នកវិនិយោគវៀតណាម មកធ្វើទេសចរណ៍និង បណ្តាក់ទុនវិនិយោគនៅកម្ពុជា ឱ្យបានកាន់ច្រើន។

សម្តេចរដ្ឋសភាធិបតី បានលើកសំណើនេះ នៅក្នុងឱកាសនៃជំនួបសម្តែងការគួរសមជាមួយ លោក វូ វ៉ាន់ធឿង (VO Van Thuong) ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយម វៀតណាម នារសៀលថ្ងៃទី១ ខែធ្នូ​ ឆ្នាំ២០២៣ នាថ្ងៃទីពីរនៃដំណើរបំពេញ ទស្សនកិច្ចផ្លូវការនិងមិត្តភាពរបស់គណៈប្រតិភូ ជាន់ខ្ពស់រដ្ឋសភាកម្ពុជា នៅសាធារណរដ្ឋសង្គមនិយមវៀតណាម។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានលើកឡើងថា​ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បានកើនឡើងដល់១០ពាន់លានដុល្លារ ដែលជាទំហំមួយគួរជាទីមោទនៈ ។ រីឯវិស័យទេសចរណ៍ ប្រជាជនវៀតណាម ស្ថិតនៅអត្រាខ្ពស់ ក្នុងចំណោមអ្នកទេសចរបរទេស ដែលបានមកធ្វើទេសចរណ៍នៅកម្ពុជា ប៉ុន្តែដោយសារជំងឺកូវីដ១៩ ចំនួនអ្នកទេសចរវៀតណាមបានធ្លាក់ចុះ ។ សម្តេចសង្ឃឹមថា ក្រោយវិបត្តិកូវីដ១៩ ពលរដ្ឋវៀតណាមនឹងវិលត្រឡប់ទៅកម្សាន្តនៅប្រទេសកម្ពុជាវិញ ហើយវិនិយោគទុន ក៏នឹងមានការកើនឡើង កាន់តែច្រើនផងដែរ។

ជាមួយគ្នានេះ សម្តេចរដ្ឋសភាធិបតី ក៏បានស្នើដល់ភាគីវៀតណាម ជួយជំរុញនិងពន្លឿនការភ្ជាប់ផ្លូវ គមនាគមន៍រវាងប្រទេសទំាងពីរ ឱ្យបានកាន់តែឆាប់ផងដែរ ។

ចំណែក វូ វ៉ាន់ធឿង បានវាយតម្លៃខ្ពស់ ចំពោះដំណើរ ទស្សនកិច្ចរបស់សម្តេចប្រធានរដ្ឋសភា នៅប្រទេសវៀតណាមនាឱកាសនេះ ដែលមិនត្រឹមតែ ពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ រដ្ឋសភាប្រទេសទាំងពីរឱ្យកាន់តែរឹងមាំនិងគ្រប់ជ្រុងជ្រោយ ប៉ុណ្ណោះទេ តែជាផ្នែកសំខាន់នៅក្នុងការ លើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រទេសទំាងពីរឱ្យកាន់តែស៊ីជម្រៅ យូរអង្វែង និងមាននិរន្តរភាព។

លោកបានស្វាគមន៍ ការលើកឡើង របស់សម្តេចប្រធានរដ្ឋសភា និង បានគូសបញ្ជាក់ថា វៀតណាមសង្ឃឹមថា នឹងនាំចូលកសិផល ពីប្រទេសកម្ពុជា ឱ្យបានកាន់តែច្រើន ហើយការទទួលទិញរបស់កម្ពុជា លើផលិតផលឧស្សាហកម្មពី វៀតណាមក៏កើនឡើងផងដែរ។

លោកបានសង្កត់ធ្ងន់ថា ការរីកចម្រើនរវាងប្រទេសទាំងពីរ មិនអាចកាត់ផ្តាច់ពីគ្នាបានឡើយ។

ជាមួយគ្នានោះដែរ វូ វ៉ាន់ធឿង បានជម្រាបសម្តេចរដ្ឋសភាធិបតីថា វៀតណាមបានកំពុងត្រៀមស្វាគមន៍ដំណើរទស្សនកិច្ចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មកកាន់ប្រទេស វៀតណាម នាពេលឆាប់ៗខាងមុខនេះ។ វត្តមានរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅវៀតណាម ត្រូវបានលោកប្រធាន រដ្ឋជឿជាក់ថា នឹងមានការពិភាក្សាគ្នា កាន់តែច្រើននិងស៊ីជម្រៅ នៅក្នុងការពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ មានជាអាទិ៍ វិស័យពាណិជ្ជកម្ម និងការតភ្ជាប់ផ្លូវ គមនាគមន៍ជាដើមផងដែរ។

សូមជម្រាបថា​ សម្តេចមហារដ្ឋសភា ធិការ ធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់រដ្ឋសភា បំពេញទស្សនកិច្ច នៅប្រទេសវៀតណាម ក្នុងរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី៣០​ ខែវិច្ឆិកា ដល់ថ្ងៃទី២​ ខែធ្នូឆ្នាំ២០២៣ ក្នុងគោលបំណង ពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ ស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ រវាងប្រទេសទំាងពីរឱ្យកាន់តែរឹងមាំទ្វេឡើង ៕

To Top