ហ្គាហ្សា៖ ប្រភពព័ត៌មានពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ថា ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស់បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា ពលរដ្ឋប៉ាឡេស្ទីនសរុបចំនួន១៥.២០៧នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ីស្រាអ៊ែល នៅតំបន់ហ្គាហ្សាស្ទ្រីប ដែលហែកហួរដោយសង្រ្គាម ចាប់តាំងពីការផ្ទុះឡើង នៃជម្លោះរវាងប្រទេសអ៊ីស្រាអែល និងក្រុមហាម៉ាស់កាលពីថ្ងៃទី៧ ខែតុលា ។
លោក Ashraf al-Qidra អ្នកនាំពាក្យក្រសួងសុខាភិបាល បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុង Khan Younis ថា ចំនួនអ្នករបួសនៅក្នុងក្របខណ្ឌប៉ាឡេស្ទីនបានកើនឡើងលើសពី៤០.០០០នាក់ ដោយក្នុងនោះមានចំនួន៧០ ភាគរយនៃពួកគេគឺជាកុមារ និងស្ត្រី ។
លោក Al-Qidra ក៏បានលើកឡើងផងដែរថា ការវាយប្រហាររបស់អ៊ីស្រាអ៊ែល បានសម្លាប់បុគ្គលិកពេទ្យចំនួន២៨០នាក់ និងបានកំណត់គោលដៅទៅលើរថយន្តសង្គ្រោះចំនួន៥៦គ្រឿងនៅក្នុងតំបន់ហ្គាហ្សា ដោយបានចោទប្រកាន់អ៊ីស្រាអ៊ែល ថាមានចេតនាបំផ្លាញប្រព័ន្ធថែទាំសុខភាពនៅក្នុងតំបន់ហ្គាហ្សា ស្ទ្រីប នេះតែម្តង ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៧ ខែតុលា ក្រុមហាម៉ាស់ បានបើកការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយមកលើប្រទេសអ៊ីស្រាអ៊ែល ដោយបានបាញ់គ្រាប់រ៉ុក្កែតរាប់ពាន់គ្រាប់ និងជ្រៀតចូលទឹកដីអ៊ីស្រាអ៊ែល ខណៈដែលអ៊ីស្រាអ៊ែលបានឆ្លើយតបជាមួយនឹងការវាយប្រហារតាមផ្លូវអាកាស ប្រតិបត្តិការជើងគោក និងវិធានការដាក់ទណ្ឌកម្ម ដែលរួមមានការឡោមព័ទ្ធនៅតំបន់ហ្គាហ្សាស្ទ្រីប ជាដើម ៕
ដោយ៖ ម៉ៅ បុប្ផាមករា