ព័ត៌មានអន្តរជាតិ

Update ៖ អ៊ីស្រាកអ៊ែល អះអាងថា កងទ័ពជើងគោករបស់ខ្លួន មានសកម្មភាព នៅទូទាំងតំបន់ហ្គាហ្សា

AFP

ហ្គាហ្សា ៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ថា យោធាអ៊ីស្រាអ៊ែល បានបញ្ជាក់ថា កងកម្លាំងជើងគោក របស់ខ្លួនមានសកម្មភាព នៅទូទាំង តំបន់ហ្គាហ្សាស្ទ្រីប ខណៈដែលកងកម្លាំងអ៊ីស្រាអ៊ែល បានទម្លាក់គ្រាប់បែក ទៅលើតំបន់ដែលឡោមព័ទ្ធ កាលពីថ្ងៃអាទិត្យ ដោយបានសម្លាប់ និងធ្វើឱ្យពលរដ្ឋប៉ាឡេស្ទីន រាប់សិបនាក់រងរបួស ខណៈដែលជនស៊ីវិល បានស្វែងរកទីជម្រក នៅក្នុងតំបន់ដែលតូចចង្អៀត ដែលស្ថិតនៅភាគខាងត្បូង ។

ក្រុមសកម្មប្រយុទ្ធហាម៉ាស់ បានឲ្យដឹងថា ក្រុមយុទ្ធជនរបស់ខ្លួនបានប៉ះទង្គិចជាមួយយោធាអ៊ីស្រាអ៊ែល នៅចម្ងាយប្រហែល២គីឡូម៉ែត្រពីទីក្រុង Khan Younis ដែលស្ថិតនៅភាគខាងត្បូង ។ អ្នកស្រុកដែលភាគច្រើនបានផ្លាស់ទៅទីនោះ ដើម្បីភៀសខ្លួនពីការវាយប្រហារមុនៗ ក្នុងពេលមានជម្លោះកើតឡើង ។ ពួកគេបានឲ្យដឹងថា ពួកគេអាចឮសំឡេងរថពាសដែក និងគួរឲ្យភ័យខ្លាចពីការវាយលុក លើដីគោកជាថ្មីរបស់អ៊ីស្រាអ៊ែល ។

នៅមុននេះ យោធាអ៊ីស្រាអ៊ែល បានបញ្ជា ឱ្យប្រជាជនជម្លៀសចេញតំបន់មួយចំនួនទាំងនៅក្នុង និងជិតទីក្រុង ប៉ុន្តែមិនបានប្រកាសពីការវាយលុកលើ ដីដែលស្ថិតនៅភាគខាងត្បូងថ្មី ណាមួយនោះឡើយ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top