ព័ត៌មានជាតិ

រយៈពេល១១ខែ ! ក្រសួងការងារ រកការងារ ជូនយុវជន ជិត៦ពាន់នាក់

ភ្នំពេញ ៖ គិតត្រឹមរយៈពេល១១ខែ ឆ្នាំ២០២៣នេះ យុវជន ប្រមាណជិត៦ពាន់នាក់ ទទួលបានការងារ ធ្វើតាមរយៈទីភ្នាក់ងារជាតិ មុខរបរនិងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។ នេះគឺជាការបញ្ជាក់ របស់អ្នកនាំពាក្យ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ ។

លោក​ កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា ចាប់ពីខែមករា រហូតដល់ខែវិច្ឆិកាឆ្នាំ ២០២៣នេះ ក្រសួង បានទទួលអ្នកចុះឈ្មោះស្វែង រកការងារធ្វើចំនួន ២៧,២៤០ នាក់ដោយក្នុងនោះ ក្រសួងបានផ្គូរផ្គង និងបញ្ជួនអ្នកស្វែង រកការងារធ្វើទៅ និយោជកចំនួន ២៧,៣៧៧ដង ដោយអ្នកស្វែងរកការងារធ្វើ ទទួលបានការងារធ្វើមានចំនួន ៥,៨៧៨នាក់។

លោក កត្តា អ៊ន​បញ្ជាក់ថា​ “ក្នុងរយៈពេល១១ខែមកនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈតាមរយៈទីភ្នាក់ងារជាតិមុខរបរនិងការងារ បានស្វែងរកការងារធ្វើ ជូនដល់យុវជនបានជិត ៦ពាន់នាក់ ក្នុងចំណោមអ្នកចុះឈ្មោះជិត៣ម៉ឺននាក់”។

ក្នុងចំណោមអ្នកទទួលបានការងារធ្វើទាំង៥,៨៧៨នាក់នេះ មាននៅខែមករាចំនួន ១៤០នាក់, ខែកម្ភៈមាន ១៦៧នាក់, ខែមីនាមាន ២៦៥នាក់, ខែមេសាមាន ២៣៩នាក់, ខែឧសភាមាន ២៣១នាក់, ខែមិថុនាមាន ៤៣០នាក់, ខែកក្កដាមាន ៦៤០នាក់, ខែសីហាមាន ៧០៧នាក់, ខែ កញ្ញាមាន ៥០៣នាក់, ខែតុលាមាន ១,៩៩៣ និងខែវិច្ឆិកាមាន ៥៦៣នាក់ ។

ក្នុងអាណត្តិទី៧នេះ ក្រសួងបាន បានបង្កើតវេទិការពិព័រណ៍ និងផលិតភាពថ្នាក់ជាតិ ការរៀបចំសិក្ខាសាលា ស្តីពី ណែនាំអាជីពជ្រើសរើសសិក្សា សម្រាប់សិស្សមធ្យមសិក្សាទុតិយភូមិ និង និស្សិតសាកលវិទ្យាល័យ និងបានបើកវគ្គបណ្ដុះបណ្តាល ស្តីពី ការត្រៀមលក្ខណៈសម្បត្តិ ក្នុងការស្វែងរកការងារធ្វើ ដល់យុវជន រួមទាំងការដាក់ឱ្យដំណើរ ការនូវមជ្ឈមណ្ឌលការងារចល័ត នៅរាជធានីភ្នំពេញ ដើម្បីផ្តល់ឱកាសការងារ ជូនដល់ពលរដ្ឋ នៅតាមមូលដ្ឋានថែមទៀតផង ៕

To Top