កីឡា

លោក អ៊ូ តារា៖“អ្នកលេងគុន”ជាព្រឹត្តិការណ៍មួយធ្វើឡើងដើម្បីផ្សព្វផ្សាយ និងការយល់ដឹងកាន់តែច្បាស់អំពីគុនល្បុក្កតោ

ភ្នំពេញ៖ សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បានប្រកាសបើកមហាព្រឹត្តិការណ៍ការប្រកួត “អ្នកលេងគុន” ជាផ្លូវការដែលប្រព្រឹត្តិទៅនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា គឺជាមហាព្រឹត្តិការណ៍មួយធ្វើឡើងដើម្បីផ្សព្វផ្សាយ និងការយល់ដឹងកាន់តែច្បាស់អំពីគុនល្បុក្កតោដល់ជនបរទេស និងប្រជាពលរដ្ឋកម្ពុជារបស់ដូនតាខ្មែរយើង។

នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ សហព័ន្ធបានធ្វើសន្និសិទសារពត៌មានអំពីមហាព្រឹត្តិការណ៍ “អ្នកលេងគុន” ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក អ៊ូ តារា អគ្គលេខាធិការរងសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាតំណាងឲ្យលោក ចាន់ សារុន ប្រធាសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា កីឡាករឆ្នើមរបស់កម្ពុជា ចាន់ រតនា និងលោក សយ ផាន់និច អ្នកគ្រប់គ្រងកម្មវិធី“អ្នកលេងគុន” ។

លោក អ៊ូ តារា បានមានប្រសាសន៍ថា “អ្នកលេងគុន” ជាព្រឹត្តិការណ៍មួយរបស់សហព័ន្ធសម្រាប់ជំរុញបន្ថែមក្នុងការប្រកួត និងការគាំទ្រលក្ខណៈអាជីពចំពោះវិស័យកីឡាគុនល្បុក្កតោ ហើយសហព័ន្ធបានដើរតួនាទីចំនួន ២ មានន័យថា ក្នុងការអភិឌ្ឍនវិស័យកីឡាគុនល្បុក្កតោ ចំណែកនាពេលនេះ យើងត្រូវរុញគុនល្បុក្កតោឡើងមួយកម្រិតទៀត ដូច្នេះ“អ្នកលេងគុន” ជាព្រឹត្តិការណ៍សំខាន់មែនទែនសម្រាប់គុនល្បុក្កតោ សហព័ន្ធ និងប្រទេសកម្ពុជា។

លោកអគ្គលេខាធិការរងបានបន្តថា ព្រឹត្តិការណ៍នេះជាការបង្ហាញសាច់ដុំមួយឲ្យមានផុសផលឡើងទាំងក្នុងស្រុក និងក្រៅស្រុកដើម្បីផ្សព្វផ្សាយ និងការយល់ដឹងកាន់តែច្បាស់អំពីគុនល្បុក្កតោរបស់ដូនតាខ្មែរយើង។ ចំណុចសំខាន់ចុងក្រោយមួយទៀត អ្វីដែលយើងចង់ផ្សព្វផ្សាយព័ត៌មានទៅអារម្មណ៍ប្រជាជនកម្ពុជា ឲ្យយល់ដឹងកាន់ច្បាស់ពីចំណុចពិសេសនៃការប្រកួតកីឡា MMA ជាដើម។

ដោយការប្រកួតកីឡា MMA នោះសុទ្ធតែជាក្បាច់របស់គុនល្បុក្កតោរបស់ដូនតាខ្មែរយើងទំាងអស់ ទំាងកីឡាករកម្ពុជា និងកីឡាករអន្តរជាតិ បច្ចេកទេសទំាងនោះស្ថិតនៅលើជញ្ជាំងប្រាសាទអង្គរវត្ត និងជញ្ជាំងប្រាសាទនានាក្នុងប្រទេសកម្ពុជា។ ដូច្នេះសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាសង្ឃឹមថា “អ្នកលេងគុន” នេះ ជាវត្ថុមួយដើម្បីបង្ហាញវិរភាពរបស់ដូនតាខ្មែរប៉ុន្មានឆ្នាំមុនមកដល់បច្ចុប្បន្ននេះដើម្បីបង្ហាញឲ្យឃើញស្នាដៃដ៏អស្ចារ្យរបស់ពួកគាត់៕ ដោយ៖លី ភីលីព

To Top