ភ្នំពេញ៖ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកស្រី Ülkü Kocaefe ឯកអគ្គរដ្ឋទូតសាធារណរដ្ឋតួកគី ទើបតែងតាំងថ្មី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានបង្ហាញសុទិដ្ឋិនិយម និងការប្ដេជ្ញាចិត្តខ្ពស់ដូចគ្នាក្នុងការធ្វើឱ្យ កិច្ចសហប្រតិបត្តិការក្របខណ្ឌក្រសួងមហាផ្ទៃ នៃប្រទេសទាំងពីរ កាន់តែទទួលបានសមិទ្ធផលថ្មីៗបន្ថែមទៀត។
ក្នុងឱកាសទទួលជួបសម្ដែងការគួរសម ជាមួយលោកស្រី ឯកអគ្គរដ្ឋទូតតួគី នារសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ លោកឧបនាយករដ្ឋមន្ត្រី បានបង្ហាញការកត់សម្គាល់ថា ទំនាក់ទំនងរវាងក្រសួងមហាផ្ទៃ នៃប្រទេសទាំងពីរកាន់តែទទួលបាន សមិទ្ធផលប្រកបដោយផ្លែផ្កា បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ សម្តេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ទៅកាន់ប្រទេសតួកគី កាលពីឆ្នាំ២០១៩។
ក្នុងឱកាសនោះដែរ លោកឧបនាយករដ្ឋមន្ត្រី បានជម្រាបលោកស្រី Ülkü Kocaefe នូវសេចក្ដីផ្ដាំផ្ញើការសាកសួរសុខទុក្ខ និងថ្លែងអំណរគុណដល់លោក Ali YERLİKAYA រដ្ឋមន្ត្រីក្រសួងមហាផ្ទៃតួកគី ដែលបានផ្ញើលិខិតអបអរសាទរ ក្នុងឱកាសចូលកាន់មុខតំណែងថ្មីរបស់លោក។ ជាមួយគ្នានេះ លោក ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលតួកគី ចំពោះការប្ដេជ្ញាចិត្ត និងកិច្ចសហការយ៉ាងជិតស្និទជាមួយ រាជរដ្ឋាភិបាលកម្ពុជាក្នុងវិស័យជាច្រើន។
លោកស្រី បន្ដថា ប្រទេសកម្ពុជា និងសាធារណរដ្ឋតួកគី មានការរីកចម្រើនយ៉ាងខ្លាំងក្នុង រយៈពេលមួយទស្សវត្សចុងក្រោយនេះ ហើយក្នុងនោះដែរ សាធារណរដ្ឋតួកគីក៏បានបង្កើតឱ្យមាន ការិយាល័យទីប្រឹក្សាទទួលបន្ទុក កិច្ចការពាណិជកម្មនៅកម្ពុជា ដើម្បីជំរុញកិច្ចសហប្រតិបត្តិក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ រវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនទៅមុខផងដែរ។
លោកឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះការខិតខំជំរុញកិច្ចសហប្រតិបត្តិ ក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍។ លោក ក៏បានបង្ហាញការជឿជាក់យ៉ាងមុតមាំ និងការប្ដេជ្ញាចិត្តថានឹងបន្តខិតខំរុញ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើន និងប្រកបដោយផ្លែផ្កា ជាពិសេសកិច្ចសហប្រតិបត្តិការ រវាងក្រសួងមហាផ្ទៃនៃប្រទេសទាំងពីរ៕