ព័ត៌មានជាតិ

កម្ពុជា-ចិន រៀបចំពិព័រណ៍ស្ដីពីសមិទ្ធផល នៃខួប១០ឆ្នាំនៃការរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ”និងកិច្ចសំណេះសំណាល”ប្រិយមិត្ត” អបអរសាទរខួបគម្រប់១៥ឆ្នាំ នៃការបង្កើតវិទ្យុមិត្តភាពកម្ពុជា-ចិន

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១១ ខែធ្នូឆ្នាំ២០២៣ វិទ្យុមិត្តភាពកម្ពុជាចិនបានសហការជាមួយ អគ្គលេខាធិរដ្ឋានព្រឹទ្ធសភារៀបចំពិព័រណ៍ស្ដីពីសមិទ្ធផលនៃខួប១០ឆ្នាំនៃការរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ” រវាងកម្ពុជានិងចិននិងកិច្ចសំណេះសំណាល”ប្រិយមិត្ត” អបអរសាទរខួបគម្រប់១៥ឆ្នាំនៃការបង្កើតវិទ្យុមិត្តភាពកម្ពុជាចិន នៅសាលសិក្ខាសាលាព្រឹទ្ធសភា។

កញ្ញា Yao Shiya ប្រធានគ្រប់គ្រងវិទ្យុមិត្តភាពកម្ពុជាចិនប្រចាំរាជធានីភ្នំពេញ នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានឱ្យដឹងថា៖ កម្មវិធីនេះ រៀបឡើងក្នុងគោលបំណង បង្ហាញនូវការតាំងពិព័រណ៍ស្ដីពីសមិទ្ធផលនៃខួបគម្រប់១០ឆ្នាំ នៃការរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ”រវាងកម្ពុជានិងចិន ដែលសហការរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ស្ថានទូតចិនប្រចាំនៅកម្ពុជា និង ក្រសួងព័ត៌មាន។

កញ្ញាបញ្ជាក់ថា ឆ្នាំ២០២៣ជាខួបគម្រប់៦៥ឆ្នាំនៃការបង្កើតចំណងការទូតកម្ពុជាចិន និងជាខួបគម្រប់១៥ឆ្នាំនៃការបង្កើតវិទ្យុមិត្តភាពកម្ពុជាចិន។ ១៥ឆ្នាំមកនេះវិទ្យុមិត្តភាពកម្ពុជាចិនបាន និងកំពុងប្រកាន់ខ្ជាប់នូវការអនុវត្តកាតព្វកិច្ចប្រព័ន្ធផ្សព្វផ្សាយ ធ្វើជាសាក្សី និងកត់ត្រាទុកនូវរឿងរ៉ាវមិត្តភាពដ៏ពិតប្រាកដរវាងកម្ពុជានិងចិន ។ «យើងនឹងបន្តប្រកាន់ខ្ជាប់ការច្នៃប្រឌិតថ្មីៗ បង្កើតកម្មវិធីកាន់តែសម្បូរបែប ខិតខំជំរុញទំនាក់ទំនងវប្បធម៌មនុស្សសាស្ត្រ ។ ហើយ ក៏សង្ឃឹមថា ប្រជាជនកម្ពុជា នឹងបន្តតាមដាន និង គាំទ្រវិទ្យុមិត្តភាពកម្ពុជាចិនថែមទៀត ដើម្បីជាការចូលរួមក្នុងការអភិវឌ្ឍរួមរវាងប្រព័ន្ធផ្សព្វផ្សាយកម្ពុជា-ចិនទៅថ្ងៃអនាគត»។

លោកជួន សុធីអគ្គនាយករង នៃអគ្គនាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានមានប្រសាសន៍ថា ការរៀបចំកម្មវិធីថ្ងៃថនេះ ពិតជាបានចូលរួមចំណែកធ្វើឱ្យចំណងមិត្តភាពកម្ពុជានិងចិនកាន់តែស៊ីជម្រៅរឹងមាំ និងស្ថិតស្ថេរយូរអង្វែង និងនាំមកនូវការវិវឌ្ឍរីកចម្រើន លើគ្រប់វិស័យ ពោលគឺពីកិច្ចសហប្រតិបត្តិការជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយទៅជាមិត្តភាពដែកថែប និងឈានដល់កិច្ចសហប្រតិបត្តិការ «ត្បូងពេជ្រ»។

លោកបណ្ឌិតជា មុនីឫទ្ធិប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន និងសមាជិកគណៈប្រតិបត្តិនៃសមាគមមិត្តភាពកម្ពុជា-ចិនបានបង្ហាញក្តីរីករាយ និងចាត់ទុកថា តាមរយៈព្រឹត្តិការណ៍នេះ នឹងធ្វើឱ្យប្រជាជននៃប្រទេសទាំងពីរ បានយល់កាន់តែស៊ីជម្រៅអំពីសមិទ្ធផលជាច្រើន ដែលកម្ពុជាទទួលបានតាមរយៈការគាំទ្រ គំនិតផ្តួចផ្តើម ខ្សែក្រវាត់និងផ្លូវ របស់ប្រធានរដ្ឋចិន Xi Jinping មានដូចជា ផ្លូវល្បឿនលឿនពហុកីឡដ្ឋានជាតិមរតកតេជោ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពានកាត់ទន្លេ ជាច្រើនសន្ធឹកសន្ធាប់នៅក្នុងប្រទេសកម្ពុជា ព្រមទាំងគម្រោងសំខាន់ៗមួយចំនួនទៀត ដែលបានបង្ហាញជូនតាមរយៈកម្រងរូបទាំងអស់នេះ។

ជាមួយគ្នានេះតំណាងប្រិយមិត្តវិទ្យុមិត្តភាពកម្ពុជាចិន និងអ្នកចូលរួមបានបង្ហាញការគាំទ្រចំពោះព្រឹត្តិការណ៍នៅថ្ងៃនេះដោយចាត់ទុកថាជាការបង្កើនកិច្ចសហប្រតិបត្តិការកម្ពុជាចិនឱ្យកាន់តែរឹងមាំថែមទៀត។
សំឡេងសម្ភសន៍៖ ………………………………..
ក្នុងឱកាសដ៏ពិសេសនេះ មានការបញ្ចាំងវីដេអូ អបអរសាទរខួបគម្រប់១៥ឆ្នាំនៃការបង្កើតវិទ្យុមិត្តភាពកម្ពុជាចិនរបស់ថ្នាក់ដឹកនាំស្ថាប័នរាជរដ្ឋាភិបាល អង្គភាពព័ត៌មានរដ្ឋនិងឯកជន សមាគម សាកលវិទ្យាល័យសំខាន់ៗ ហើយក៏មានការបង្ហាញចំណាប់អារម្មណ៍ប្រិយមិត្ត និងកាត់នំខួបកំណើតវិទ្យុមិត្តភាពកម្ពុជាចិនផងដែរ៕

To Top