ភ្នំពេញ៖ លោក ប៊ូយ ក្វាងហ៊ុយ (Bui Quang Huy) សមាជិកបម្រុងនៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងជាលេខាធិការទី១ នៃគណៈកម្មាធិការមជ្ឈិម សម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញ បង្ហាញនូវជំនឿថា ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ទំនាក់ទំនងរវាងយុវជន កម្ពុជា-វៀតណាម នឹងបន្តរីកចម្រើន ។
ការលើកឡើងខាងលើ របស់លេខាធិការទី១ នៃគណៈកម្មាធិការមជ្ឈិម សម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញ ធ្វើឡើង ក្នុងឱកាសសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១២ធ្នូនេះ បានអនុញ្ញាតឱ្យជួបសម្តែងការគួរសម ក្នុងអំឡុងដំណើរបំពេញទស្សនកិច្ចផ្លូវការ រយៈពេល ២ថ្ងៃ ចាប់ពី១១ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ របស់សម្តេចធិបតី នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ។
លោក ប៊ូយ ក្វាងហ៊ុយ បានអរសាទរចំពោះ សម្តេចធិបតី ដែលត្រូវបានអង្គសន្និបាត គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា លើកទី៤៤ អាណត្តិទី៥ បោះឆ្នោតជ្រើសតាំង ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ។ ទន្ទឹមនេះ លោក ក៏បានបង្ហាញនូវជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី នោះទំនាក់ទំនងរវាងយុវជន នៃប្រទេសទាំងពីរកម្ពុជា-វៀតណាម នឹងបន្តរីកចម្រើនរឹងមាំខ្លាំងបន្ថែមទៀត ។
ក្នុងនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការភ្ជាប់ទំនាក់ទំនងរវាងយុវជន និងយុវជន គឺមានសារៈសំខាន់ណាស់ ដើម្បីជំរុញសកម្មភាពគ្រប់ផ្នែក ឱ្យមានកាន់តែច្រើនឡើង ជាពិសេសយុវជន នៅក្នុងមជ្ឈដ្ឋានធុរកិច្ច ដែលទាំងនេះ គឺជាការរួមចំណែកមិនអាចខ្វះបាន ដល់ការពង្រឹងចំណងមិត្តភាព និងជំរុញកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យរវាងប្រទេសទាំងពីរ៕


