ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល ​នឹង​បើក​ច្រក​ព្រំដែន​ទី​២ ដើម្បី​ពិនិត្យ​ជំនួយ នៅតាម​ព្រំដែន​ហ្គាហ្សា

Xinhua

ហ្គាហ្សា៖ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃចន្ទថា អ៊ីស្រាអែល នឹងបើកច្រក Keren Shalom នៅភាគខាងត្បូង ប្រទេសអ៊ីស្រាអែល ចាប់ពីថ្ងៃអង្គារនេះ សម្រាប់ការត្រួតពិនិត្យសន្តិសុខ លើការដឹកជញ្ជូនជំនួយទៅ កាន់តំបន់ហ្គាហ្សាស្ទ្រីប។

មកដល់ពេលនេះ រថយន្តដឹកទំនិញទាំងអស់ ដែលដឹកជំនួយមនុស្សធម៌ ត្រូវតែត្រួតពិនិត្យនៅច្រកឆ្លងកាត់ច្រក Nitzana របស់អ៊ីស្រាអែល មុនពេលចូលដល់តំបន់ហ្គាហ្សា ដែលបណ្តាលឱ្យមានការពន្យារពេលក្នុងការចូលទឹក អាហារ ការផ្គត់ផ្គង់ពេទ្យ និងឧបករណ៍ជំរក ចូលទៅក្នុងតំបន់ដែលឡោមព័ទ្ធប៉ាឡេស្ទីន។

ច្រក Nitzana មានចម្ងាយជាង ៤០ គីឡូម៉ែត្រពីច្រកព្រំដែន Rafah ឆ្លងកាត់រវាងប្រទេសអេហ្ស៊ីប និងតំបន់ហ្គាហ្សា ដែលជាចំណុចតែមួយគត់ នៃជំនួយចូលទៅក្នុងហ្គាហ្សា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

យោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា ការបើកច្រក Keren Shalom កាន់តែខិតទៅជិតច្រក Rafah នឹងធ្វើអោយប្រសើរឡើងនូវបរិមាណនៃការត្រួតពិនិត្យសន្តិសុខនៃជំនួយ និង “ទ្វេដងនៃចំនួនជំនួយមនុស្សធម៌ ដែលចូលទៅក្នុង តំបន់ហ្គាហ្សា” ។

ប្រភពពី IDF បានបន្ថែមថា គ្មានការផ្គត់ផ្គង់ណាមួយ នឹងត្រូវបញ្ជូនទៅហ្គាហ្សាដោយផ្ទាល់ពីអ៊ីស្រាអែលនោះទេ។ បន្ទាប់​ពី​ការ​ត្រួត​ពិនិត្យ​សន្តិសុខ​នៅ​ច្រក​ឆ្លង​កាត់​ទាំង​ពីរ រថយន្ត​ជំនួយ​នឹង​ត្រូវ​បញ្ជូន​បន្ត​ទៅ​អង្គការ​អន្តរជាតិ​ក្នុង​តំបន់ហ្គាហ្សា តាម​រយៈ​ផ្លូវ Rafah ឆ្លង​កាត់​រវាង​តំបន់​រួម ​និង​អេហ្ស៊ីប។

លោក Elad Goren ប្រធាននាយកដ្ឋាន ស៊ីវិលនៃ IDF នៃអ្នកសម្របសម្រួលសកម្មភាព រដ្ឋាភិបាលក្នុងតំបន់បាន ប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ថា មុនពេលបើកដំណើរការច្រក Keren Shalom អ៊ីស្រាអែល បានអនុញ្ញាតឱ្យមានរថយន្តជំនួយរហូតដល់ ២៥០ គ្រឿងចូលទៅក្នុងហ្គាហ្សាជារៀងរាល់ថ្ងៃ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top