យូអិន៖ មហាសន្និបាតអង្គការសហប្រជាជាតិ បានអនុម័តដំណោះស្រាយមួយទាមទារឱ្យមាន “បទឈប់បាញ់មនុស្សធម៌ជាបន្ទាន់” នៅក្នុងតំបន់ហ្គាហ្សា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
រដ្ឋជាសមាជិកបានបោះឆ្នោតទម្លាក់វិសោធនកម្មចំនួនពីរដែលធ្វើសេចក្តីយោងជាក់លាក់ចំពោះ “ក្រុមជ្រុលនិយមហាម៉ាស” ដោយមាន ១៥៣ គាំទ្រសេចក្តីព្រាងសេចក្តីសម្រេចនេះ ១០ប្រឆាំង និង ២៣ប្រទេសអនុប្បវាទ។
ដំណោះស្រាយទាមទារឱ្យមាន “បទឈប់បាញ់មនុស្សធម៌ជាបន្ទាន់” ការដោះលែងចំណាប់ខ្មាំងទាំងអស់ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ និង “ធានាឱ្យមានលទ្ធភាពទទួលបានមនុស្សធម៌”។
សម័យប្រជុំនៅថ្ងៃអង្គារគឺជាការបន្តនៃសម័យប្រជុំពិសេសគ្រាអាសន្នលើកទីដប់នៃមហាសន្និបាតអង្គការសហប្រជាជាតិ ដែលបានជួបប្រជុំគ្នាចុងក្រោយកាលពីថ្ងៃទី២៦ ខែតុលា ចំពេលមានវិបត្តិបច្ចុប្បន្ននៅតំបន់ហ្គាហ្សា ក្នុងអំឡុងពេល ដែលខ្លួនបានអនុម័តដំណោះស្រាយលើវិបត្តិដោយអំពាវនាវឱ្យមាន “មនុស្សធម៌ជាបន្ទាន់ យូរអង្វែង និងនិរន្តរភាព បទឈប់បាញ់ឈានដល់ការបញ្ចប់អរិភាព”។
មហាសន្និបាតអង្គការសហប្រជាជាតិ មានរដ្ឋសមាជិកចំនួន ១៩៣។ សំឡេងភាគច្រើនពីរភាគបីត្រូវបានទាមទារសម្រាប់ការអនុម័តដំណោះស្រាយ។ នៅក្នុងសេចក្តីថ្លែងការណ៍របស់លោក ដែលបានថ្លែងនៅក្នុងសម័យប្រជុំពិសេសនោះ ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ លោក Dennis Francis បានគូសបញ្ជាក់អំពីភាពបន្ទាន់ក្នុងការនាំយកមកនូវការឈឺចាប់របស់ជនស៊ីវិលស្លូតត្រង់។
លោកបានបញ្ជាក់ជាថ្មីពីការទាមទារឲ្យមានបទឈប់បាញ់មនុស្សធម៌ជាបន្ទាន់។ លោកបានសង្កត់ធ្ងន់ថា “យើងមានអាទិភាពឯកវចនៈមួយ (តែមួយគត់) ដើម្បីជួយសង្គ្រោះជីវិត នោះគឺបញ្ឈប់អំពើហិង្សានេះឥឡូវនេះ”។
លោក Francis បានលើកឡើងថា ពិភពលោកកំពុងឃើញ “ការដួលរលំដែលមិនធ្លាប់មានពីមុនមកនៃប្រព័ន្ធមនុស្សធម៌ នៅក្នុងពេលវេលាជាក់ស្តែង” ។ លោកបានទទូចថា អង្គការសហប្រជាជាតិត្រូវតែបញ្ចប់ជាបន្ទាន់ ចំពោះទុក្ខលំបាករបស់ជនស៊ីវិល៕
ប្រែសម្រួល ឈូក បូរ៉ា