ព័ត៌មានជាតិ

កម្ពុជា-ហ្វីលីពីន ឯកភាពគ្នា ពង្រឹងកិច្ចសហប្រតិបត្តិការ អនុវត្តច្បាប់ ដើម្បីបុព្វហេតុសន្តិសុខ

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកស្រី Maria Amelita C. Aquino ឯកអគ្គរដ្ឋទូតហ្វីលីពីន ប្រចាំកម្ពុជា បានបង្ហាញសុទិដ្ឋិនិយម ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងហ្វីលីពីន ជាពិសេសការពង្រឹងការអនុវត្តច្បាប់ ដើម្បីបុព្វហេតុសន្តិសុខ និងការអភិវឌ្ឍរីកចម្រើន នៃប្រទេសទាំងពីរ។

ការគូសបញ្ជាក់ពីប្រមុខ ក្រសួងមហាផ្ទៃកម្ពុជា និងឯកអគ្គរដ្ឋទូតហ្វីលីពីន ប្រចាំកម្ពុជា បានធ្វើឡើងក្នុងជំនួបសម្ដែងការគួរសម នារសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ នៅក្រសួងមហាផ្ទៃ ។
ក្នុងជំនួបនោះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា ក៏បានបង្ហាញការកត់ សម្គាល់អំពីកិច្ចសហការដ៏ល្អ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋ ហ្វីលីពីន ក្នុងរយៈពេលជាច្រើនទស្សវត្សរ៍មកនេះ និងដែលកំពុងបន្តរីកចម្រើន ឥតឈប់ឈរឆ្ពោះទៅអនាគត។

លោកស្រី Maria Amelita C. Aquino បានសម្ដែងការគាំទ្រ លើការកត់សម្គាល់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ចំពោះទំនាក់ទំនងទ្វេភាគី រវាងប្រទេសកម្ពុជា និងប្រទេសហ្វីលីពីន។
លោកស្រី ក៏បានថ្លែងអំណរគុណ រាជរដ្ឋាភិបាលកម្ពុជា ដែលបានរៀបចំ កន្លែងស្នាក់នៅ ជូនពលរដ្ឋហ្វីលីពីនក្នុងប្រទេសកម្ពុជា ព្រមទាំងជួយសម្របសម្រួល ដល់ដំណើរការបញ្ជូនពលរដ្ឋហ្វីលីពីន ធ្វើមាតុភូមិនិវត្តន៍ផងដែរ។

នាឱកាសនោះដែរ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា និង លោកស្រី ឯកអគ្គរដ្ឋទូត ក៏បានផ្លាស់ប្ដូរយោបល់គ្នាអំពីសារៈសំខាន់ នៃវិស័យទេសចរណ៍ រវាងប្រទេសទាំងពីរ ដើម្បីជំរុញការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន ក្រោយវិបត្តិជំងឺកូវីដ-១៩ ព្រមទាំងគុណតម្លៃនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងហ្វីលីពីនក្នុងវិស័យអប់រំ និងបណ្ដុះបណ្ដាលផងដែរ៕

To Top