ព័ត៌មានជាតិ

មនុស្ស ៤៤នាក់ ត្រូវបានរកឃើញថា មានទាក់ទង ជាមួយជនជាតិជប៉ុន ដែល រកឃើញថា មានជំងឺ Covid-19 ហើយត្រូវដាក់ឲ្យនៅដាច់ដោយឡែកពីគេ ១៤ថ្ងៃ

ភ្នំពេញ៖ មនុស្ស ៤៤នាក់ ត្រូវបានរកឃើញថា មានទំនាក់ទំនងជិតដិត និងធ្លាប់មាន​ទំនាក់ទំនង ជាមួយជនជាតិជប៉ុន រកឃើញមានផ្ទុកជំងឺកូវីដ១៩។ ក្នុងនោះ ៤នាក់ ជាជនដែលមានទំនាក់ទំនង ដោយផ្ទាល់ និង ៤០នាក់ទៀត ធ្លាប់មានទំនាក់ទំនង ។ នេះបើយោងតាមការឲ្យដឹងពី នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC ។

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានឲ្យដឹងថា ក្រោយពីទទួលបាន ព័ត៌មានថា ជនជាតិជប៉ុនមានផ្ទុកមេរោគ Covid-19, ក្រុមមន្រ្តីសុខាភិបាលថ្នាក់ជាតិ ថ្នាក់ខេត្ត និងអាជ្ញាធរខេត្តសៀមរាប កំពុងធ្វើការលើករណីនេះ ដោយតម្លាភាពបំផុត និងធ្វើការ ប្រកបដោយភាពត្រឹមត្រូវបំផុត ទៅតាមនីតិវិធីរបស់អង្គការ សុខភាពពិភពលោក មជ្ឈណ្ឌលប្រយុទ្ធនឹងជំងឺឆ្លងសហរដ្ឋអាមេរិក និងវិទ្យាស្ថានប៉ាស្ទ័រ ។ យើងបានរក​ឃើញអ្នកប៉ះពាល់ផ្ទាល់ ៤នាក់ និង ប្រមាណ ៤០នាក់ ប៉ះពាល់ប្រយោល ដែលតំរូវ ឱ្យគាត់នៅ ដោយឡែកពីគេចំនួន១៤ថ្ងៃ និងតាមដានសុខភាព បើមានចេញរោគ​សញ្ញា​ត្រូវយកវត្ថុវិភាគជាបន្ទាន់ រហូតពេលនេះពួកគាត់ពុំទាន់មាន​រោគសញ្ញានៅឡើយទេ ។
សូមបញ្ជាក់ថាជនជាតិជប៉ុននេះ គាត់ជាអ្នកធុរកិច្ច គាត់បានធ្វើដំណើរ ជាបន្តបន្ទាប់ក្នុងរយ:ពេលខ្លីពី ប្រទេសវៀតណាម ប្រទេសថៃ ប្រទេសហ្វ៊ីលីពីន ប្រទេសកម្ពុជា បន្ទាប់មកទៅវៀតណាម និងត្រលប់ចូល្រទេសជប៉ុនវិញ​ហើយរកឃើញវិជ្ជមានCOVID-19 នៅទីនោះ ។
រហូតដល់ម៉ោង ៤ល្ងាច ថ្ងៃទី៥ មីនា ២០២០ មិនទាន់កឃើញ ករណីថ្មីនៅឡើយទេ ។

សូមរំលឹកថា ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ បានបញ្ជាក់អំពីស្ថានភាពជនជាតិ ជប៉ុនម្នាក់ ដែលឆ្លងជំងឺកូរ៉ូណាថ្មី ឬ Covid-19 ដែលត្រូវបានពិនិត្យឃើញ ពេលចេញពីកម្ពុជា ទៅកាន់ប្រទេសជប៉ុន ដោយឆ្លងកាត់ ប្រទេសវៀតណាម។ នេះបើតាមលិខិតរបស់លោក អ៉ឹង រចនា អគ្គរាជទូតកម្ពុជាប្រចាំ នៅប្រទេសជប៉ុន បានធ្វើរបាយការណ៍ទៅកាន់ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា។

លោក អ៉ឹង រចនា អគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសជប៉ុន បានបញ្ជាក់ថា បុរសជនជាតិជប៉ុនម្នាក់នោះ ត្រូវបានរកឃើញមានផ្ទុកជំងឺកូវីត១៩ ពេលទៅដល់អាកាសយានដ្ឋាន Chubu នៃទីក្រុង Nagoya ប្រទេសជប៉ុន នៅពេលគាត់ទៅពិភាក្សាជាមួយក្រុមមន្រ្តីចត្តាឡីស័ក ដោយសារគាត់​ពិបាកដកដង្ហើម។

បុរសរូបនេះ បានចាកចេញពីអាកាសយានដ្ឋានសៀមរាបម៉ោង២០៖៥៧ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ ទៅកាន់អាកាសយានដ្ឋាន Tan Son Nhat ទីក្រុងហូជីមិញ រួចប្តូរដើម្បីហោះហើរទៅកាន់ទីក្រុង Nagoya ប្រទេសជប៉ុន។ នេះបើតាមរបាយការណ៍។

បើតាមរបាយការណ៍ខាងលើនេះ មនុស្ស៥១នាក់ រួមទាំងបុគ្គលិក បម្រើលើយន្តហោះ ដែលធ្វើដំណើរមកពីសៀមរាប ទៅកាន់ប្រទេសវៀតណាម ជាមួយបុរសនោះ ត្រូវបានដាក់ឱ្យស្ថិតនៅដោយឡែក នៅទីក្រុងហូជីមីញ៕

To Top