ព័ត៌មានអន្តរជាតិ

អភិបាលក្រុងមូស្គូ អះអាងថា បានរំខានផែនការវាយប្រហារ ដោយដ្រូន ពីសំណាក់ប្រទេសអ៊ុយក្រែន

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អភិបាលក្រុងមូស្គូ លោក Sergey Sobyanin បាននិយាយកាលពីព្រឹក ថ្ងៃព្រហស្បតិ៍ម្សិលមិញថា កងកម្លាំងអ៊ុយក្រែនបានធ្វើការប៉ុនប៉ង មួយផ្សេងទៀតដើម្បីវាយប្រហាររដ្ឋធានីរុស្ស៊ី។

លោក Sobyanin បានបញ្ជាក់ថា យន្តហោះគ្មានមនុស្សបើកចំនួន ២គ្រឿង ត្រូវបានបាញ់ទម្លាក់ដោយប្រព័ន្ធការពារ ដែនអាកាសលើសង្កាត់ Naro-Fominsk ។

ទិន្នន័យបឋមបង្ហាញថា មិនមានការខូចខាតណាមួយ ត្រូវបានធ្វើឡើងនៅកន្លែងដែល យន្តហោះដ្រូនទាំងនោះបានធ្លាក់ទេ ហើយមិនមានមនុស្សរងរបួសនោះដែរ ខណៈដែលក្រុមសង្គ្រោះបន្ទាន់កំពុងធ្វើការ នៅកន្លែងនៃការធ្លាក់យន្តហោះនៅឡើយ។

ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា នៅវេលាម៉ោង៦ និង៤០នាទីព្រឹក ម៉ោងក្នុងស្រុកការប៉ុនប៉ងរបស់របបក្រុងគៀវ ដើម្បីអនុវត្តការវាយប្រហារភេរវករ ដោយប្រើយន្តហោះគ្មានមនុស្សបើក នៃប្រភេទយន្តហោះត្រូវបានបំផ្លាញដោយបន្ថែមថា យន្តហោះគ្មានមនុស្សបើកសរុបចំនួន ៩ គ្រឿងត្រូវបានបំផ្លាញលើទីក្រុងមូស្គូ និង Kaluga ។

គួរឲ្យដឹងដែរថា កងកម្លាំងអ៊ុយក្រែនបានប្រើប្រាស់ យន្តហោះគ្មានមនុស្សបើកម្តងហើយម្តងទៀត ដើម្បីកំណត់គោលដៅហេដ្ឋារចនាសម្ព័ន្ធស៊ីវិល នៅក្នុងប្រទេសរុស្ស៊ី ។

ជាក់ស្តែងកាលពីសប្តាហ៍មុន កងការពារដែនអាកាសរុស្ស៊ីបានបាញ់ទម្លាក់ យន្តហោះគ្មានមនុស្សបើកចំនួន ២២គ្រឿង ខណៈដែល១៣ គ្រឿងផ្សេងទៀតត្រូវបានស្ទាក់ចាប់នៅលើសមុទ្រ Azov និងសាធារណរដ្ឋគ្រីមៀ៕

ប្រែសម្រួល៖ ស៊ុន លី

To Top