បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានបង្ហាញឱ្យដឹងថា ប្រទេសរុស្ស៊ីកំពុងដាក់ពង្រាយ សមាជិកសេវាកម្មជាងកន្លះលាននាក់ រួមទាំងអ្នកស្ម័គ្រចិត្តជាច្រើននាក់ នៅក្នុងតំបន់ប្រយុទ្ធនៃជម្លោះ ជាមួយនឹងប្រទេសអ៊ុយក្រែន។
ថ្លែងក្នុងអំឡុងកម្មវិធីសំណួរចម្លើយ របស់គាត់កាលពីថ្ងៃព្រហស្បតិ៍ មេដឹកនាំរុស្ស៊ីត្រូវបានស្នើឱ្យធ្វើអត្ថាធិប្បាយ លើការត្អូញត្អែរថាអ្នកស្ម័គ្រចិត្តយោធាជារឿយៗ ពឹងផ្អែកលើជំនួយដែលរៃអង្គាសប្រាក់ ដោយប្រជាពលរដ្ឋរបស់ពួកគេ ជាជាងការគាំទ្រពីរដ្ឋ។
លោក Putin បានសង្កត់ធ្ងន់ថា ការផ្គត់ផ្គង់ដែលផ្តល់ដោយរដ្ឋាភិបាលមានចំនួន ៩៩ភាគរយ នៃជំនួយទាំងអស់ ប៉ុន្តែបានកត់សម្គាល់ថា ទីក្រុងម៉ូស្គូស្វាគមន៍ ហើយនឹងមិនរារាំងកិច្ចខិតខំប្រឹងប្រែង ដោយចិត្តបរិសុទ្ធក្នុងការផ្តល់ឱ្យទាហានរុស្ស៊ី នូវប្រភេទឧបករណ៍ និងការផ្គត់ផ្គង់ផ្សេងៗនោះទេ។
យោងតាមចំនួនដែលលោក Putin បានបញ្ជាក់ថា ២៤៤០០០ នាក់នៃអ្នកនៅក្នុងតំបន់ប្រយុទ្ធ គឺជាទាហានដែលត្រូវបានកោះហៅ នៅពេលដែលរុស្ស៊ីបានប្រកាសការចល័ត ដោយផ្នែកនៅក្នុងខែកញ្ញាឆ្នាំ២០២២។
ពួកគេត្រូវបានគេដាក់ពង្រាយ ក្នុងបំណងរក្សាស្ថិរភាពស្ថានការណ៍ ការពារទឹកដីថ្មី និងធ្វើការវាយលុកបន្ថែមទៀត។ នៅពេលនោះ ទីក្រុងមូស្គូបានចល័តកងទ័ពចំនួន ៣០០០០០នាក់ ហើយទោះបីជាយ៉ាងណាក៏ដោយ លោក Putin បាននិយាយថា ចាប់តាំងពីពេលនោះមកយោធា ៤១០០០នាក់ ត្រូវបានរំសាយចេញដោយសារហេតុផលសុខភាព ឬបន្ទាប់ពីឈានដល់អាយុអតិបរមា ៕
ប្រែសម្រួល៖ ស៊ុន លី