ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា ដាក់ចេញទិសដៅ ជំរុញការប្រើប្រាស់ថាមពលស្អាត ឲ្យបានដល់ ៧០% ត្រឹមឆ្នាំ២០៣០

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងបញ្ជាក់ថា ទន្ទឹមការសម្រេចបញ្ឈប់ទាំងស្រុង នូវការបង្កើតរោងចក្រដំណើរការ ដោយថាមពលធ្យូងថ្ម កម្ពុជាក៏បានដាក់ចេញនូវទិសដៅ ជំរុញការប្រើប្រាស់ថាមពលស្អាត ឱ្យបានដល់ ៧០% ត្រឹមឆ្នាំ២០៣០ ។

ការបញ្ជាក់របស់សម្ដេចធិបតី ធ្វើឡើងនាថ្ងៃទី១៦ ធ្នូនេះ ក្នុងឱកាសអនុញ្ញាតឲ្យលោក ម៉ាសាយូគិ ហ្យូដូ (Masayuki Hyodo) ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Sumitomo Corporation ចូលជួបសម្តែងការគួរសម នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ។

ក្នុងឱកាសនៃជំនួបនេះ លោក ម៉ាសាយូគិ ហ្យូដូ បានជម្រាបជូនអំពីសកម្មភាពវិនិយោគ នៅទាំងនៅក្នុងប្រទេសកម្ពុជា និងតំបន់អាស៊ាន លើវិស័យជាច្រើន រួមមាន៖ ការផលិតបរិក្ខារអេឡិចត្រូនិក, ថាមពល, ហេដ្ឋារចនាសម្ព័ន្ធ, ការផ្សព្វផ្សាយ និងឌីជីថល ។ល។

ជាការឆ្លើយតប សម្តេចធិបតី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងយកចិត្តទុកដាក់នៅក្នុងការ ធានានិរន្តរភាពនៃបរិយាកាសធុរកិច្ច និងវិនិយោគ តាមរយៈការដាក់ចេញនូវគោលនយោបាយ យន្តការអនុវត្ត និងក្របខ័ណ្ឌគតិយុត្តថ្មីៗ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធគាំទ្រចាំបាច់នានា ដើម្បីផ្តល់នូវការលើកទឹកចិត្ត ដែលមានលក្ខណៈអនុគ្រោះ តម្លាភាព និងទាក់ទាញចំពោះវិនិយោគិនទាំងក្នុង និងក្រៅស្រុក ។

សម្តេចធិបតី ក៏បានរំលេចបន្ថែមថា «បច្ចុប្បន្ន កម្ពុជាកំពុងប្រើប្រាស់ថាមពលស្អាត រហូតដល់ ៦២% ដែលជាកម្រិតឈានមុខមួយនៅក្នុងតំបន់ ទន្ទឹមការសម្រេចបញ្ឈប់ទាំងស្រុងនូវ ការបង្កើតរោងចក្រដំណើរការដោយថាមពលធ្យូងថ្ម ក៏ដូចជាបានដាក់ចេញនូវទិសដៅជំរុញ ការប្រើប្រាស់ថាមពលស្អាត ឱ្យបានដល់ ៧០% ត្រឹមឆ្នាំ២០៣០» ៕

To Top