ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ដ្រី ស សុខា ៖ រាជរដ្ឋាភិបាល ប្ដេជ្ញាបង្ក្រាបអំពើជួញដូរមនុស្ស ដោយមិនអនុញ្ញាតឲ្យជនល្មើសរួចខ្លួន

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ជាប្រធានគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាទប់ស្កាត់ និងបង្ក្រាបអំពើជួញ ដូរមនុស្ស ឲ្យបានកាន់តែខ្លាំងក្លាថែមទៀត ដោយមិនអនុញ្ញាត ឲ្យជនល្មើសរួចខ្លួនឡើយ។

នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការទីតាំងមណ្ឌលសំចតប៉ោយប៉ែត នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃចន្ទ ទី១៨ ខែធ្នូ ឆ្នាំ២០២៣ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បានថ្លែងថា «ជំហររបស់រាជរដ្ឋាភិបាលកម្ពុជា នឹងបង្កើនកិច្ចសហប្រតិបត្តិការ ក៏ដូចជា សហការបន្ថែមទៀតជាមួយ រដ្ឋាភិបាលថៃ ក៏ដូចជាបណ្ដាប្រទេសក្នុងតំបន់ ឬពិភពលោក ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងរំលោភបំពានផ្សេងៗទៀត រាជរដ្ឋាភិបាលកម្ពុជា ប្ដេជ្ញាចិត្តក្នុងការបង្ក្រាបអំពើទាំងអស់នោះ ឲ្យកាន់តែខ្លាំងក្លាដោយមិនអនុញ្ញាតឲ្យជនល្មើស រួចខ្លួនឡើយ។ យើងធានាថា ឲ្យជនរងគ្រោះទាំងនោះ ទទួលបានយុត្តិធម៌ និងសេវាគាំពារ ប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល និងបរិយាបន្ន»។

លោកឧបនាយករដ្ឋមន្ដ្រីបញ្ជាក់ថា ក្រុមទុច្ចរិត និងបណ្តាញរបស់ពួកគេ បានព្យាយាមរិះរកគ្រប់មធ្យោបាយ និងគ្រប់កលវិធីបង្កើតនូវបទល្មើសថ្មីៗ ព្រមជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យាទំនើបសម្រាប់ទាក់ទាញជនរងគ្រោះ ឲ្យធ្លាក់ក្នុងកលល្បិច ទុច្ចរិត ដើម្បីបម្រើឲ្យមហិច្ឆតារបស់ខ្លួន ដែលបង្កឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជនរងគ្រោះ ទាំងក្នុង និងក្រៅប្រទេស ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជា ក៏កំពុងរិះរកគ្រប់វិធានការ និងវិធីសាស្ត្រ ដើម្បីការពារប្រជាពលរដ្ឋពីបទល្មើសដ៏ស្មុគស្មាញនេះផងដែរ។

លោកឧបនាយករដ្ឋមន្ដ្រីបន្ថែមថា រាជរដ្ឋាភិបាល នឹងពង្រឹងលើការប្រយុទ្ធប្រឆាំង និងអំពើជួញដូរមនុស្ស ដោយអនុវត្តយុទ្ធសាស្ត្រសំខាន់ៗទាំង ៤ រួមមាន ៖ ពង្រឹងកិច្ចសហប្រតិបត្តិការទាំងក្នុង និងក្រៅប្រទេស លើកកម្ពស់ការទប់ស្កាត់នូវរាល់ទម្រង់ នៃអំពើជួញដូរមនុស្ស និងការរំលោភបំពានផ្លូវភេទលើកុមារ ៕

To Top