ព័ត៌មានជាតិ

សម្ដេចធិបតី លើកទឹកចិត្តដល់ ធនាគារពង្រីកឥណទានដំណាំស្រូវ ដើម្បីបង្កើនការនាំចេញ អង្ករប្រណីតកម្ពុជា

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានលើកទឹកចិត្តដល់គ្រប់ធនាគារពង្រីកឥណទានដល់វិស័យកសិកម្ម ជាពិសេសឥណទានសម្រាប់ដំណាំស្រូវ ដើម្បីបង្កើនការនាំចេញអង្ករប្រណីតកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ។

នាឱកាសអញ្ជើញជាអធិបតីសម្ពោធជាផ្លូវការ អគារស្នាក់ការកណ្តាល វីងថៅវើ (Wing Tower) នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់ធនាគារទាំងអស់ ពិនិត្យលទ្ធភាពក្នុងការផ្ដល់សេវាកម្មរបស់ខ្លួនកាន់តែទូលំទូលាយ ដើម្បីលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា សំដៅរួមចំណែកកាត់បន្ថយភាពក្រីក្រ កាត់បន្ថយវិសមភាពសេដ្ឋកិច្ច និងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចរីភាព។

សម្ដេចក៏បានលើកទឹកចិត្តដល់ធនាគារនៅកម្ពុជា ពិនិត្យលទ្ធភាពផ្ដល់ឥណទានឲ្យបានកាន់តែច្រើន ដល់សហគ្រាមីក្រូធនតូច និងធនមធ្យម ដើម្បីជួយសម្រាលហិរញ្ញវត្ថុ រួមចំណែកដល់ការរក្សាស្ថិរភាព នៃសកម្មភាពសេដ្ឋកិច្ចកម្ពុជា។

សម្ដេចមានប្រសាសន៍ថា «ខ្ញុំលើកទឹកចិត្តដល់គ្រប់ធនាគារ ទាំងការពង្រីកឥណទាន និងបង្កើតសំពៀតឥណទានដល់វិស័យកសិកម្ម ជាពិសេសឥណទាន សម្រាប់ដំណាំស្រូវ និងឥណទានបៃតង ដើម្បីបង្កើនការនាំចេញអង្ករប្រណីតកម្ពុជា ទៅទីផ្សារអន្ដរជាតិ។ លើកកម្ពស់ចីរភាព និងរួមចំណែកដល់ការពង្រឹងសន្តិសុខស្បៀង ជាពិសេសយន្តសម្របសម្រួលនៃកម្មវិធីហិរញ្ញប្បទានសំដៅលើកស្ទួយផលិតកម្ម រិះរកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ»។

ទន្ទឹមនឹងនេះ សម្តេចធិបតី ក៏បានលើកទឹកចិត្តគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ រៀបចំឥណទានឡើងវិញ ដើម្បីជួយដល់វិស័យទេសចរណ៍ ជាពិសេសវិស័យទេសចរណ៍នៅខេត្តសៀមរាបដែលកំពុងជួបបញ្ហាហិរញ្ញវត្ថុ។ សម្ដេចបន្ដថា ធនាគារជាតិនៃកម្ពុជា គួររិះរកវិធីសមស្រប ដើម្បីបន្ធូរបន្ថយនូវបទប្បញ្ញត្តិប្រុងប្រយ័ត្នមួយចំនួនដែលចាំបាច់ក្នុងការផ្តល់លទ្ធភាព ឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បន្តដើរតួនាទីកាន់តែសំខាន់ នៅក្នុងការរួមចំណែកគាំទ្រទៅដល់ក្រុមហ៊ុន និងសហគ្រាសឯកជន។

សម្ដេចនាយករដ្ឋមន្ដ្រី បានឲ្យដឹងថា ថ្មីៗនេះ ធនាគារជាតិ បានដើរតួនាទីយ៉ាងសំខាន់ ចរចាជាមួយបណ្តាប្រទេសទាំងអស់ នៅក្នុងការរៀបចំប្រព័ន្ធទំនាក់ទំនងជួយដល់ការធ្វើពាណិជ្ជកម្មទេសចរណ៍ផ្សេងៗ តាមរយៈការរៀបចំប្រព័ន្ធទូទាត់ត្រង់ និងប្រព័ន្ធ QR Cord ជាដើម។ សម្តេចថា ដើម្បីឲ្យសេដ្ឋកិច្ចមួយដើរ ត្រូវការចរន្តធនធានមូលធនឲ្យដើរដែរ ។ ក្នុងនោះ ហិរញ្ញវត្ថុបានដើរតួនាទីសំខាន់ក្នុងប្រព័ន្ធធនាគារ៕

To Top