ព័ត៌មានជាតិ

សម្តេចធិបតី ៖ អ្នកសារព័ត៌មានជាដៃគូ មិនអាចខ្វះបានជាមួយ រាជរដ្ឋាភិបាលកម្ពុជា

រូបភាពពី៖​ STPM

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចាត់ទុកអ្នកសារព័ត៌មាន ជាដៃគូមួយដែលមិនអាចខ្វះបានជាមួយរាជរដ្ឋាភិបាលកម្ពុជា ។

ការលើកឡើងរបស់សម្តេចធិបតីនេះ តាមរយៈសារលិខិតដែលបានផ្សព្វផ្សាយជាសាធារណៈ នាថ្ងៃទី២០ធ្នូ ផ្ញើជូនវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី២០ ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ ។

សម្តេចធិបតីបានលើកឡើងថា “វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ឆ្នាំ២០២៣ ក្រោមប្រធានបទ “ក្រុមសីលធម៌ និងវិជ្ជាជីវៈ សារព័ត៌មាន» ពិតជាមានសារៈសំខាន់បំផុត ខណៈដែលការអនុវត្តក្រមសីលធម៌ វិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន មួយចំនួននៅមានកម្រិត ជាពិសេសអ្នកសារព័ត៌មាន តាមប្រព័ន្ធអនឡាញ ដែលទាមទារឲ្យមានការយកចិត្ត ទុកដាក់ពង្រឹងការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈ និងការបណ្តុះបណ្តាលជំនាញ ដើម្បីបង្កើនសមត្ថភាព របស់អ្នកសារព័ត៌មាន និងបង្កើនទំនុកចិត្ត ដល់សាធារណជន។

ក្នុងឱកាសនេះ សម្តេចនាយករដ្ឋមន្ត្រីកោតសរសើរ ចំពោះស្ថាប័នសារព័ត៌មាន និងអ្នកសារព័ត៌មានទាំងអស់ដែលបានគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល នាពេលកន្លងមក ក៏ដូចជាគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលនេះជាកម្លាំងចលករ ក្នុងការចូលរួមចំណែកថែរក្សាសុខសន្តិភាព និងការកសាងប្រទេសមានការរីកចម្រើន ប្រកបដោយចីរភាព ដោយសម្លឹង ឆ្ពោះទៅបង្គោលចរណ៍ «ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០»។

ទន្ទឹមនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរចំពោះសា្ថប័ន សារព័ត៌មាន និងអ្នកសារព័ត៌មានដែលបានចុះយកព័ត៌មាន ការចែករំលែកព័ត៌មាន ការផ្សព្វផ្សាយព័ត៌មានបានរហ័ស ទាន់សភាពការណ៍ និងទូលំទូលាយទាំងនៅក្នុងក្របខណ្ឌជាតិ អន្តរជាតិ ដើម្បីស្វែងយល់អំពីសភាពការណ៍ពិត នៅកម្ពុជា ពិសេសព្រឹត្តិការណ៍ធំៗជាប្រវត្តិសាស្ត្រ នាពេលកន្លងមក ។

ក្នុងនោះ សម្តេចបានគូសបញ្ជាក់ថា “សមិទ្ធ័ផលដ៏ធំធេង និងជោគជ័យយ៉ាងត្រចះត្រចង់ ដែលទទួលបាននាពេលកន្លងមក គឺមានការចូលរួម យ៉ាងសកម្មពីស្ថាប័នសារព័ត៌មាន និងបងប្អូនអ្នកសារព័ត៌មាន។ នេះបង្ហាញពីភាពជាដៃគូ ដែលមិនអាចខ្វះបានរវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយស្ថាប័នសារព័ត៌មាន”។

សម្តេចធិបតីបញ្ជាក់ថា រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់លើកកម្ពស់ សេរីភាពនៃការបញ្ចេញមតិ សេរីភាពសារព័ត៌មាន និងជំរុញឲ្យមានការបណ្តុះបណ្ដាលផ្នែកសារព័ត៌មាន និងបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយទំនើប ក៏ដូចជាពង្រឹងការអនុវត្តក្រមសីលធម៌ វិជ្ជាជីវៈ ដើម្បីឲ្យអ្នកសារព័ត៌មាន បំពេញភារកិច្ចប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវ”៕

To Top