ភ្នំពេញ៖ ស្ថានទូតបារាំងប្រចាំកម្ពុជា បានដាក់សម្ពោធជាផ្លូវការ នូវមជ្ឈមណ្ឌលថ្មី សម្រាប់ទទួលពាក្យសុំទិដ្ឋាការ ទៅបារាំង និងអឺរ៉ុប ។ ពិធីនេះ ធ្វើឡើងកាលពីថ្ងៃ១៩ ធ្នូ ស្ថិតនៅជាន់ទី៥នៃអគាវឌ្ឍនៈ មជ្ឈមណ្ឌល TLScontact ក្រោមអធិបតីភាពលោក ហ្សាក់រ៉ឺឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា។
មជ្ឈមណ្ឌលនេះ បើកទ្វារទទួល ស្វាគមន៍អ្នកស្នើសុំទិដ្ឋាការ ពីថ្ងៃចន្ទដល់ថ្ងៃសុក្រ (ពីម៉ោង៨ព្រឹកដល់ម៉ោង៤រសៀល) ឬនៅម៉ោងណាមួយ ។ ក្រៅពីនេះ បើមានតម្រូវការ ក៏អាចនៅព្រឹកថ្ងៃសៅរ៍។
មជ្ឈមណ្ឌលនេះផ្ដល់នូវសេវាផ្សេងៗទៀតដូចជាការ ជួយរៀបចំឯកសារ ឬការទៅយកស្នាមខ្មៅដៃ (ស្នាមម្រាមដៃ) ដល់គេហដ្ឋានអ្នកស្នើសុំទិដ្ឋាការ។ ទោះយ៉ាងណាក្តី ការប្រើប្រាស់សេវាបន្ថែមទាំងនេះ មិនធានានូវការទទួលបានទិដ្ឋាការ ឬការណាត់ជួបឆាប់រហ័ស ឬការពិនិត្យពាក្យ សុំលឿនជាងអ្នកផ្សេង ដោយស្ថានទូតបារាំងនោះទេ។
ស្ថានទូតបារាំងប្រចាំកម្ពុជាបន្តថា ការដាក់ពាក្យសុំទិដ្ឋាការ ទៅប្រទេសបារាំង និងប្រទេស១២ទៀតនៅអឺរ៉ុប(តំបន់ស៊ែនហ្គែន) ចាប់ពីថ្ងៃទី១៣ ខែធ្នូ នៅមជ្ឈមណ្ឌល TLScontact នៅភ្នំពេញ ដែលត្រូវបានជ្រើសរើស ឲ្យទទួលសាធារណជន ផ្ដល់ព័ត៌មាន រៀបចំការណាត់ ទទួលពាក្យសុំទិដ្ឋាការ និងប្រមូលថ្លៃសេវា និងការដកលិខិតឆ្លងដែន ក៏ធ្វើនៅមជ្ឈមណ្ឌលនេះផងដែរ ។
ប្រភពបញ្ជាក់ថា “ការជ្រើសរើសមជ្ឈមណ្ឌលខាងលើ ឲ្យទទួលពាក្យសុំទិដ្ឋាការ គឺបានបង្ហាញពីឆន្ទៈរបស់ស្ថានទូតបារាំង ក្នុងការកែលម្អលក្ខខណ្ឌ ទទួលស្វាគមន៍អ្នកស្នើសុំទិដ្ឋាការ ដែលមានចំនួនកើនឡើងជាលំដាប់ ក៏ដូចជាជួយកាត់បន្ថយ ថិរវេលានៃការណាត់ និងផ្តល់សេវាផ្សេងៗបន្ថែម ដើម្បីធានាផាសុកភាពប្រសើរបំផុត របស់អ្នកស្នើសុំទិដ្ឋាការ” ។
សូមបញ្ជាក់ថា ការបង់ថ្លៃពិនិត្យពាក្យសុំ និងសេវាផ្សេងទៀត អាចធ្វើឡើងតាមប្រព័ន្ធបាគងផងដែរ។ ប្រភេទអ្នកស្នើសុំទិដ្ឋាការ នៅតែបន្តអាចដាក់ពាក្យសុំ នៅការិយាល័យទិដ្ឋាការ នៅស្ថានទូតបារាំងដដែល បើពួកគេចង់ ដើម្បីចៀសវាងបង់ថ្លៃសេវាផ្សេងៗ ៖ ទី១គឺជនបរទេសដែលជាប្តី ឬប្រពន្ធរបស់ជនជាតិបារាំង (ត្រូវ ផ្តល់ច្បាប់ដើមនៃសេចក្តីចម្លង សំបុត្រអាពាហ៍ពិពាហ៍បារាំង ដែលមានកាលបរិច្ឆេទក្រោមបីខែ) , ទី២គឺជនបរទេស ដែលជាប្តី ឬប្រពន្ធរបស់ពលរដ្ឋនៃប្រទេសសមាជិក សហភាពអឺរ៉ុបឬស្វីស (ត្រូវផ្ដល់ច្បាប់ដើមនៃសេចក្ដីចម្លង សំបុត្រអាពាហ៍ពិពាហ៍) និងទី៣គឺនិស្សិតទៅរៀនរយៈពេលវែង នៅប្រទេសបារាំង (ច្រើនជាងបីខែ)។ ប៉ុន្តែអ្នក ស្នើសុំទាំងនេះត្រូវទាក់ទងមជ្ឈមណ្ឌល TLScontact ដើម្បីរៀបចំការណាត់ជួបជាមួយស្ថានទូតបារាំង។
ពលរដ្ឋកម្ពុជាទាំងអស់ ត្រូវស្នើសុំទិដ្ឋាការ ដើម្បីអាចធ្វើដំណើរទៅប្រទេសបារាំង មិនថារយៈពេលស្នាក់នៅប៉ុន្មានថ្ងៃ ឬកាន់ឯកសារធ្វើដំណើរអ្វីនោះទេ (លិខិតឆ្លងដែនធម្មតា ផ្លូវការ ឬការទូត) លើកលែងតែករណីពួកគេមានប័ណ្ណស្នាក់នៅ បារាំងដែលនៅមានសុពលភាព សម្រាប់ការស្នាក់នៅប្រទេសបារាំង ឬប្រទេស
ណាមួយនៃតំបន់ស៊ែនហ្គែន។ ស្ថានទូតបារាំងប្រចាំកម្ពុជា ពិនិត្យលើពាក្យសុំទិដ្ឋាការស្នាក់នៅរយៈពេលខ្លីទៅកាន់ ប្រទេសនៃតំបន់ស៊ែនហ្គែនទាំងនេះផងដែរ រួមមាន៖ បែលហ្ស៊ិក អេស្ប៉ាញ អេស្តូនី ក្រិច ហុងគ្រី អ៊ីស្លង់ ឡេតូនី ម៉ាល់ត៍ ន័រវេស ព័រទុយហ្កាល់ ស្លូវ៉េនី និងសាធារណរដ្ឋឆែក ៕